(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៤០២គ្រឿង និងគ្រាប់បែកនាំផ្លូវ ៧គ្រាប់ ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Xinhua។
ក្រសួងបានបញ្ជាក់ថា ដ្រូនចំនួន ៩១គ្រឿងត្រូវបានបំផ្លាញនៅពេលយប់ ដោយភាគច្រើននៃដ្រូនទាំងនោះ គឺនៅតំបន់ព្រំដែន Belgorod និង Kursk ខណៈដែល ៨គ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅតំបន់មូស្គូ។
ការអះអាងនេះ កើតឡើងខណៈពេលដែលរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលចុងក្រោយនេះ។
នៅថ្ងៃចន្ទដដែលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានមានប្រសាសន៍ថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនចំនួន ១០១គ្រឿងមកលើអ៊ុយក្រែនពេញមួយយប់។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានការកត់ត្រាពីការវាយប្រហារដោយដ្រូនប្រហែល ១,២៧០គ្រឿង និងមីស៊ីល ៣៩គ្រាប់ពីរុស្ស៊ី។
គួរបញ្ជាក់ថា ការវាយប្រហារគ្នាទៅវិញទៅមកដោយដ្រូន បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយ នៅក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការគំរាមកំហែងដល់ជនស៊ីវិលទាំងសងខាង៕