(RIO, ប្រេស៉ីល)៖ ចិន នៅថ្ងៃចន្ទនេះ បាននិយាយថា BRICS ដែលជាសមាគមប្រទេសរួមមានទាំងរុស្ស៉ី អាហ្វ្រិកខាងត្បូង និងឥណ្ឌា មិនស្វែងរកការប្រឈមមុខដាក់គ្នានោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមយកពន្ធបន្ថែម ១០ភាគរទៅលើប្រទេសណា ដែលយកខ្លួនទៅពាក់ព័ន្ធនឹងប្លុកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning គូសបញ្ជាក់ថា «ទាក់ទងនឹងការដាក់ពន្ធគយ ចិនបាននិយាយម្តងហើយម្តងទៀត នូវជំហររបស់ខ្លួនថា សង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធ មិនមានអ្នកឈ្នះទេ ហើយការគាំពារនិយមមិននាំមកនូវភាពរីកចម្រើនឡើយ»។ លោកស្រីបន្ថែមថា «BRICS មិនបង្កការប្រឈមមុខដាក់គ្នា និងមិនកំណត់គោលដៅលើប្រទេសណាមួយឡើយ»

គួរបញ្ជាក់ថា​ លោក ត្រាំ បានគំរាមថានឹងយកពន្ធបន្ថែម ១០ភាគរយ លើប្រទេសទាំងឡាយណា ដែលយកខ្លួនទៅពាក់ព័ន្ធនឹង BRICS ដោយចោទប្រកាន់ប្លុកនេះថា មានគោលនយោបាយប្រឆាំងអាមេរិក៕