(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ការកំណត់ពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា ប្រសិនបើបណ្តាដៃគូពាណិជ្ជកម្ម រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់សហភាពអឺរ៉ុប មិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Bessent បានប្រាប់បណ្តាញព័ត៌មានអាមេរិក CNN ថា អត្រាពន្ធនឹងវិលត្រឡប់ទៅរកកម្រិតដូចពេលដែលលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែមេសាវិញ មុនរូបលោកបានផ្អាកវាជាបណ្តោះអាសន្ន ដើម្បីទុកពេលចរចាពាណិជ្ជកម្ម ហើយកំណត់ថ្ងៃទី៩ ខែកក្កដា ជាថ្ងៃផុតកំណត់សម្រាប់កិច្ចព្រមព្រៀង។
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ក៏បាននិយាយដែរថា ពន្ធគយនោះនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១ ខែសីហា ប៉ុន្តែលោក ត្រាំ ឥឡូវកំពុងកំណត់អត្រាពន្ធនិងកិច្ចព្រមព្រៀង។ កាលពីថ្ងៃអាទិត្យលោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតថា រូបលោកបានចុះហត្ថលេខារួចហើយលើលិខិត១២ច្បាប់ ដើម្បីជូនដំណឹងទៅកាន់ប្រទេសមួយចំនួន អំពីអត្រាពន្ធដែលត្រូវបានដំឡើង ហើយលិខិតទាំងនោះ នឹងត្រូវបញ្ជូនចេញនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។
កាលពីខែមេសា លោក ត្រាំ បានប្រកាសកំណត់ពន្ធ១០ភាគរយជាគោល ទៅលើទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មសឹងតែទាំងអស់ ហើយប៉ុន្មានថ្ងៃក្រោយមក ក៏បានប្រកាសចេញនូវអត្រាខ្ពស់ៗជាងនោះថែមទៀត សម្រាប់ក្រុមប្រទេសចំនួនរាប់សិប។ ប៉ុន្តែលោកបានសម្រេចចិត្តផ្អាកវាជាបណ្តោះអាសន្នសិន ដើម្បីទុកពេលឱ្យការចរចារកកិច្ចព្រមព្រៀងអាចប្រព្រឹត្តទៅ។ ប្រទេសជាច្រើន បាននិងកំពុងព្យាយាមខ្នះខ្នែងចង់សម្រេចឱ្យបានកិច្ចព្រមព្រៀង ដែលនឹងជួយពួកគេគេចផុតពីការកំណត់ពន្ធខ្ពស់។
គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងតែជាមួយចក្រភពអង់គ្លេស និងវៀតណាមប៉ុណ្ណោះ ខណៈទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង ក៏បានឯកភាពទម្លាក់ចុះវិញ នូវការដំឡើងពន្ធសងសឹកគ្នាទៅមក។ លោក Bessent បានបង្ហើបថា រដ្ឋបាលលោក ត្រាំ កំពុងតែជិតសម្រេចបានកិច្ចព្រមព្រៀងមួយចំនួនទៀត ដែលអាចនឹងប្រកាសក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕