(សេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូល គ្រោងបើកសវនាការនាថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិនិត្យមើលសំណើរបស់ក្រុមរដ្ឋអាជ្ញាពិសេស ដែលចង់ឱ្យចេញដីកាឃាត់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងស៉ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹក របស់លោក Yoon កាលពីខែធ្នូ ចុងឆ្នាំមុន បានដាក់សំណើទៅកាន់តុលាការសង្កាត់កណ្តាលទីក្រុងសេអ៊ូល ដើម្បីសុំឱ្យចេញដីកាឃាត់ខ្លួនលោក Yoon ក្រោមការចោទប្រកាន់រំលោភអំណាច និងរារាំងដំណើការស៉ើបអង្កេត។
លោក Yoon ត្រូវបានចោទប្រកាន់ថា ប្រើប្រាស់កងអង្គរក្សដើម្បីបញ្ឈប់អាជ្ញាធរមិនឱ្យចាប់ខ្លួនលោក កាលពីខែមករា។ រូបលោកទីបំផុតត្រូវបានចាប់ខ្លួន ប៉ុន្តែក៏ត្រូវបានដោះលែងវិញ ដោយសារហេតុផលបច្ចេកទេស ក្រោយជាប់នៅមន្ទីរឃុំឃាំងអស់រយៈពេល៥២ថ្ងៃ។
ក្រុមរដ្ឋអាជ្ញាពិសេសខាងលើ ដែលចាប់ផ្តើមបើកការស៉ើបអង្កេតរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីថ្មី លោក Lee Jae Myung ឡើងកាន់អំណាចកាលពីខែមិថុនា កន្លងមកនេះ បានពិនិត្យមើលរកការចោទប្រកាន់បន្ថែមទៀតប្រឆាំងលោក Yoon ដែលសព្វថ្ងៃកំពុងប្រឈមមុខ ដំណើការជំនុំជម្រះក្តីជុំវិញការចោទប្រកាន់ពីបទបះបោររួចស្រេចទៅហើយ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។
គួរបញ្ជាក់ថា សំណើឱ្យចេញដីកាឃាត់ខ្លួនខាងលើត្រូវបានធ្វើឡើង ដោយឈរលើហេតុផលថា មានហានិភ័យដែលលោក Yoon អាចនឹងរត់គេចខ្លួន រួមជាមួយក្តីបារម្ភថា រូបលោកអាចនឹងជ្រៀតជ្រែកជាមួយសាក្សី ពាក់ព័ន្ធសំណុំរឿងរបស់លោក៕