(ហ្សាកាតា)៖ ការសិក្សាមួយកាលពីឆ្នាំ ២០២៤​ ដោយប្រមូលសំណាកពីមាត់ និងក្រពះសត្វត្រី នៅក្នុងសមុទ្រទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៉ី បានរកឃើញថា ប្រហែល ៩៤ភាគរយនៃត្រីសមុទ្រទាំងនោះ គឺមានជាតិពុល។ នេះបើយោងតាមការចេញផ្សាយដោយសារព័តមាន CNA នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ ២០២៥។

លោក Widodo Setiyo Pranowo អ្នកស៉ើបអង្កេតជាន់ខ្ពស់នៅឯទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៉ី បានព្រមានថា «ប្រសិនបើត្រី ស្រូបយកមីក្រូប្លាស្ទីក (សំណល់ភាគល្អិតនៃប្លាស្ទិក) ហើយបន្ទាប់មកមនុស្សបរិភោគវា នោះមានន័យថាជាតិពុល នឹងចូលទៅកកកុញក្នុងខ្លួនមនុស្ស។ វាពិតជាគ្រោះថ្នាក់»។ លោកបន្ថែមថា មីក្រូប្លាស្ទិក មិនអាចមើលឃើញនឹងភ្នែកនោះទេ។ សព្វថ្ងៃជាតិពុលទាំងនេះ បានជ្រៀតចូលទៅគ្រប់ជ្រុងនៃបរិស្ថាន រាប់ចាប់តាំងពីដីទៅសមុទ្រ រហូតដល់ខ្យល់ដកដង្ហើមរបស់យើង ហើយ​ប្រជាជន​ឥណ្ឌូណេស៉ី មិនអាចៀសផុតឡើយ។

តាមការសិក្សារបស់សាកលវិទ្យាល័យ Cornell កាលពីឆ្នាំមុន ប្រជាជនឥណ្ឌូណេស៉ី បានទទួលរងនូវមីក្រូប្លាស្ទិក ច្រើនជាងប្រជាជនដទៃទៀត ពោលគឺ ១៥ក្រាមក្នុងមួយខែ សម្រាប់មនុស្សម្នាក់។ ដោយឡែកប្រជាជនម៉ាឡេស៉ីវិញ ជាប់ចំណាត់ថ្នាក់លេខ ២គឺ ១២ក្រាមក្នុងមួយខែ ខណៈហ្វីលីពីន និងវៀតណាមបានទទួលរងនូវមីក្រូប្លាស្ទិក ១១ក្រាមសម្រាប់មនុស្សម្នាក់។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ ឬអាស៊ាន ហាក់ដូចជារងផលប៉ះពាល់ខ្លាំងជាងគេពីមីក្រូប្លាស្ទិក ដោយការសិក្សាកាលពីឆ្នាំ ២០២១ រកឃើញថា ៦ក្នុងចំណោម ១០ប្រទេសនៃប្លុក គឺជាអ្នកបញ្ចេញជាតិពុលទៅក្នុងមហាសមុទ្រតែម្តង៕