(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា បាននិយាយថាប្រទេសទាំងឡាយណាដែលយកខ្លួនទៅបៀតនឹងគោលនយោបាយប្រឆាំងអាមេរិក របស់ក្រុមប្រទេស BRICS នឹងត្រូវយកពន្ធគយបន្ថែម ១០ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានបែបនេះរបស់លោក ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ លោក ត្រាំ បានសរសេរដូច្នេះថា «ប្រទេសទាំងឡាយដែលយកខ្លួន ទៅបៀតនឹងគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹងត្រូវបានយកពន្ធគយបន្ថែម ១០ភាគរយ។ គ្មានការលើកលែងទេចំពោះគោលនយោបាយនេះ»។
គួរបញ្ជាក់ថា លោក ត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើអ្វីទៅជាគោលនយោបាយប្រឆាំងអាមេរិករបស់អង្គការ BRICS នោះទេ។ BRICS គឺជាប្លុកមួយបង្កើតឡើងដោយមេដឹកនាំមកពី ប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចិន នៅឯកិច្ចប្រជុំកំពូលជាលើកដំបូងកាលពីឆ្នាំ២០០៩។ ក្រោយមក អាហ្វ្រិកខាងត្បូងបានក្លាយជាសមាជិក ហើយកាលពីឆ្នាំ២០២៤ BRICS បានប្រកាស បញ្ចូលអេហ្ស៉ីប អេត្យូពី ឥណ្ឌូណេស៊ី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាសមាជិក៕