(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣៣នាក់។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលអ៊ីស្រាអែល បញ្ជូនក្រុមចរចាទៅកាន់ប្រទេសកាតា ដើម្បីពិភាក្សាអំពីបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ការវាយប្រហារបានកំណត់គោលដៅលើរចនាសម្ព័ន្ធបញ្ជាការ និងគ្រប់គ្រង កន្លែងស្តុកទុកអាវុធ និងក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមិនបានបញ្ជាក់ចំនួន នៅទីក្រុងហ្គាហ្សា និងតំបន់ Jabalia។ ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលទាំងនោះ។

គួរបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងខណៈដែលគណៈប្រតិភូអ៊ីស្រាអែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអាទិត្យដដែលនេះ សម្រាប់កិច្ចចរចាជាមួយក្រុមហាម៉ាស់ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំង។ កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុង «ស្មារតីវិជ្ជមាន»។ ការឆ្លើយតបនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានយល់ព្រម «លើលក្ខខណ្ឌចាំបាច់ដើម្បីបញ្ចប់» បទឈប់បាញ់រយៈពេល ៦០ថ្ងៃ៕