(ដូហា)៖ អ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ទោះបីជាការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា ការកែប្រែដែលស្នើសុំដោយក្រុមហាម៉ាស់ចំពោះសំណើបទឈប់បាញ់ គឺ «មិនអាចទទួលយកបាន» ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។

កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុង «ស្មារតីវិជ្ជមាន»។ ការឆ្លើយតបនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានយល់ព្រម «លើលក្ខខណ្ឌចាំបាច់ដើម្បីបញ្ចប់» បទឈប់បាញ់រយៈពេល ៦០ថ្ងៃ។

ទោះជាយ៉ាងណា ការិយាល័យរបស់លោក Netanyahu បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា «ការផ្លាស់ប្ដូរដែលក្រុមហាម៉ាស់ចង់ធ្វើចំពោះសំណើរបស់កាតា ត្រូវបានបញ្ជូនមកឲ្យពួកយើងកាលពីយប់មិញ ហើយវាមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែលទេ»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍បានបន្ថែមថា គណៈប្រតិភូនឹងនៅតែធ្វើដំណើរទៅកាន់ទីក្រុងដូហា ដើម្បី «បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការវិលត្រឡប់នៃចំណាប់ខ្មាំងរបស់យើង ដោយផ្អែកលើសំណើរបស់កាតាដែលអ៊ីស្រាអែលបានយល់ព្រម»

គួរបញ្ជាក់ថា ជំហរផ្ទុយគ្នានេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌរួចហើយ ដែលជាការដាក់សម្ពាធឲ្យភាគីទាំងពីរចូលតុចរចា។ ទោះជាយ៉ាងណា លោក Netanyahu នៅតែបញ្ជាក់ថា គោលដៅចម្បងរបស់អ៊ីស្រាអែលគឺការរំសាយអាវុធក្រុមហាម៉ាស់ ដែលជាលក្ខខណ្ឌមួយក្រុមហាម៉ាស់បានបដិសេធមិនពិភាក្សា៕