(ប៉េកាំង)៖ សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយពន្ធ និងចំណាយដោយគ្រប់ជ្រុងជ្រោយដែលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានជំរុញយ៉ាងខ្លាំងនោះ ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តដោយសំឡេងឆ្នោតយ៉ាងប្រផុតប្រផើយ សន្លឹកឆ្នោតរបស់លោក Vance អនុប្រធានាធិបតីអាមេរិក ជាសន្លឹកឆ្នោតដ៏គន្លឹះដែលបានបំបែកភាពជាប់គាំង តែបែរជាធ្វើឱ្យសង្គមអាមេរិកធ្លាក់ក្នុង ភាពបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ ព្រមពេលជាមួយគ្នានេះ ក៏បណ្តាលឱ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភផងដែរ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែត ចំពោះអ្នកបទផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,១ភាគរយយល់ឃើញថា សេចក្តីព្រាងច្បាប់ “One Big Beautiful Bill Act” បានលាតត្រដាងយ៉ាងច្បាស់នូវទំនាស់ ក្នុងស្រទាប់ជ្រៅនៃ “ប្រជាធិបតេយ្យបែបអាមេរិក” ហើយមិនអាចធ្វើឱ្យ អាមេរិកខ្លាំងអស្ចារ្យជាថ្មីម្តងទៀតនោះទេ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,២ភាគរយ បានរិះគន់សេចក្តីព្រាងច្បាប់នេះថា នឹងបំផ្លាញដល់ប្រព័ន្ធសុខាភិបាលរបស់អាមេរិកយ៉ាងធ្ងន់ធ្ងរ គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនអាមេរិក នឹងថមថយចុះដោយសារសេចក្តីព្រាងច្បាប់នេះ។ វិធានការកាត់បន្ថយពន្ធក្នុងសេចក្តីព្រាងច្បាប់នេះ នឹងបង្ខំឱ្យរដ្ឋាភិបាលបន្ថែម ឱនភាពថវិកាចំនួន២,៤ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយការចំណាយខាងការប្រាក់នឹងកើនឡើង ៥៥១ពាន់លានដុល្លារអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៤,៩ភាគរយបានរិះគន់ថា ទង្វើនេះនឹងវាយប្រហារដល់ គោលបំណងរបស់អ្នកវិនិយោគអន្តរជាតិដែលគិតចង់ទៅបណ្តាក់ទុននិងបង្កើតរោងចក្រនៅអាមេរិក ហើយក៏នឹងបណ្តាលឱ្យ លំហូរត្រឡប់ចូលស្រុកវិញនៃឧស្សាហកម្មកម្មន្តសាលរបស់អាមេរិក ត្រូវបរាជ័យផងដែរ។
ការស្ទង់មតិរបស់បណ្តាញ CGTN បានធ្វើឡើងជា៥ភាសា ដែលមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោងក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត ចំនួន៧៣៤៤នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន