(ប៉េកាំង)៖ កិច្ចសន្ទនាជាយុទ្ធសាស្រ្តជាន់ខ្ពស់រវាងចិននិងសហភាពអឺរ៉ុបជុំទី ១៣ បានប្រារព្ធធ្វើនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនាពេលថ្មីៗកន្លងទៅនេះ។ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសហភាពអឺរ៉ុបព្រមទាំងបានបំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងបារាំង។

ភាគីចិនបានសង្កត់ធ្ងន់ថា ដំណើរអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបបានសឱ្យឃើញថា ទិសដៅនៃទំនាក់ទំនង រវាងភាគីទាំងពីរ គឺភាពជាដៃគូ មិនមែនជាដៃគូប្រជែងនោះទេ កិច្ចសហប្រតិបត្តិការគឺជាខ្លឹមសារសំខាន់និងជាយុថ្កា សម្រាប់លំនឹងនាវា ហើយបានអំពាវនាវឱ្យប្រទេសចិននិងអឺរ៉ុបពួតដៃគ្នា ដើម្បីផ្តល់នូវភាពប្រាកដប្រជាដ៏កម្រមាន សម្រាប់ពិភពលោក។

ឥស្សរជនជាច្រើនរូបដូចជាលោក António Luís Santos da Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបជាដើមបានថ្លែងថា ភាគីអឺរ៉ុបរីករាយគោរពគ្នាទៅវិញទៅមក ជម្នះការខ្វែងគំនិតនិងបង្កើនការយោគយល់ជាមួយភាគីចិន ក៏ដូចជាត្រៀមលក្ខណៈ ឱ្យបានល្អសម្រាប់កិច្ចជំនួបថ្នាក់ដឹកនាំលើកថ្មី និងអភិវឌ្ឍទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ដែលកាន់តែមានលក្ខណៈស្ថាបនាដើម្បីបំពេញបន្ថែមនូវស្ថិរភាព ជំនឿចិត្តនិងការព្យាករណ៍វិជ្ជមានសម្រាប់ពិភពលោក។

"កម្លាំងសំខាន់ទាំងពីរ ទីផ្សារធំទាំងពីរនិងអរិយធម៌ធំទាំងពីរ" ទិសដៅនៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបនេះគឺមានន័យថា ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងសហភាពអឺរ៉ុបបានលើសពី១ ភាគ ៣ នៃពិភពលោកទាំងមូល ទំហំពាណិជ្ជកម្មបានលើសពី ១ ភាគ ៤ នៃពិភពលោកទាំងមូល ។ ដោយឡែកភាគីទាំងពីរ សុទ្ធតែប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងគាំទ្រពាណិជ្ជកម្មសេរី ហើយបានរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល លើបញ្ហាសំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុនិងបញ្ញាសិប្បនិម្មិត។

ប៉ុន្តែ ជាយូរណាស់មកហើយ នៅផ្ទៃក្នុងសហភាពអឺរ៉ុប មានចិត្តគំនិតទំនាស់និងមិនប្រាកដប្រជា ជុំវិញបញ្ហាដែលថាតើត្រូវប្រើក្រសែភ្នែក យ៉ាងណាចំពោះការអភិវឌ្ឍរបស់ប្រទេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរងផលប៉ះពាល់ពីកត្តាផ្ទៃក្នុងនិងខាងក្រៅ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបមួយចំនួនបានកំណត់ប្រទេសចិនថាជា "ដៃគូប្រជែង" ។ មនុស្សមួយចំនួន នៅអឺរ៉ុបតែងតែឃោសនាបំប៉ោងពី "គំនិតស្តីពីការគំរាមកំហែងរបស់ប្រទេសចិន" ហើយបានចោទប្រកាន់ដោយផ្តេសផ្តាស ទៅលើប្រទេសចិនអំពីបញ្ហាដូចជាសិទ្ធិមនុស្សនិងសន្តិសុខជាដើម ។ ការធ្វើអ៊ីចឹង វាមានតែប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នារវាងចិននិងអឺរ៉ុបប៉ុណ្ណោះ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅអឺរ៉ុបលើកនេះ រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ថា "បច្ចុប្បន្ននេះ អឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងគ្រប់បែបយ៉ាង ប៉ុន្តែ មិនថាអតីតកាល បច្ចុប្បន្នកាលឬមួយក៏អនាគតក៏ដោយ ក៏បញ្ហាសុទ្ធតែមិនបានមក ពីប្រទេសចិននោះទេ" "លោករំពឹងថា ភាគីអឺរ៉ុបនឹងមានការយល់ដឹងចំពោះប្រទេសចិនដ៏សត្យានុម័ត និងប្រកបដោយវិចារណញ្ញាណ ហើយប្រកាន់ខ្ជាប់គោលនយោបាយ ចំពោះប្រទេសចិនដែលកាន់តែសកម្មនិងប្រាកដប្រជា"។

តាមស្ថិតិនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ពីខែមករាដល់ខែមិនា ឆ្នាំនេះ ការវិនិយោគរបស់តំបន់សហភាពអឺរ៉ុបនៅប្រទេសចិន បានកើនឡើង ១១,៧ ភាគរយ ។ អ្នកទទួលខុសត្រូវនៃសហគ្រាសអឺរ៉ុបជាច្រើន សម្គាល់ឃើញថា ប្រសិនបើបាត់បង់ទីផ្សារចិន នោះគឺ ស្មើនឹងបាត់បង់ទីតាំងដ៏សំខាន់មួយសម្រាប់ឈរជើងនៅលើពិភពលោក។

"ទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប ដែលប្រកបដោយភាពល្អប្រសើរនិងស្ថិរភាពវាមិនត្រឹមតែសម្រេចបាន នូវការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងក៏បានបំភ្លឺពិភពលោកទាំងមូលផងដែរ" ។ បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៥០ ឆ្នាំ យើងនឹងចាត់ទុកកិច្ចជំនួបថ្នាក់ដឹកនាំរវាងចិននិងសហភាពអឺរ៉ុបថ្មីមួយលើក ដែលជិតនឹងបើកធ្វើជាឱកាសមួយ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងសហភាពអឺរ៉ុបត្រូវបានរំពឹងថា នឹងទទួលបានការវិវឌ្ឍថ្មីដើម្បីដើរតួនាទីជា "យុថ្កានៃស្ថិរភាព" សម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើឱ្យបានកាន់តែល្អប្រសើរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន