(តូក្យូ)៖ កាសែតជប៉ុន Yomiuri នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា បានរាយការណ៍ថា ជប៉ុននឹងនាំចេញនាវាចម្បាំងដែលប្រើប្រាស់រួច ទៅហ្វីលីពីន ស្របពេលប្រទេសទាំងពីរដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាសែត Yomiuri ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណនៃរដ្ឋាភិបាលជប៉ុន បានរាយការណ៍ថា ផែនការនាំចេញខាងលើ គឺពាក់ព័ន្ធនាវាចម្បាំងថ្នាក់ Abukuma-class ចំនួន៦គ្រឿង ដែលត្រូវបានកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ប្រើប្រាស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។
បើតាមកាសែតជប៉ុនដដែល រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Gen Nakatani និងរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានព្រមព្រៀងគ្នាលើកិច្ចនាំចេញនាវាចម្បាំងខាងលើ ពេលដែលអ្នកទាំងពីរបានជួបគ្នានៅសិង្ហបុរី កាលពីខែមិថុនា ហើយខាងយោធាហ្វីលីពីន គ្រោងនឹងមកត្រួតពិនិត្យមើលនាវាទាំងនោះ អំឡុងរដូវក្តៅនេះ ជាផ្នែកនៃការត្រៀមរៀបចំចុងក្រោយ។
ទីក្រុងតូក្យូនិងទីក្រុងម៉ានីល បានបង្កើនកិច្ចសហប្រតិបត្តិ ខណៈប្រឈមនូវអ្វីដែលពួកគេចាត់ទុកជា ការកើនឡើងសកម្មភាពបង្កហេតុរបស់ទីក្រុងប៉េកាំង នៅតាមដែនទឹកផ្សេងៗ រួមបញ្ចូលទាំងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
គួរបញ្ជាក់ថា នាវាចម្បាំង Abukuma-class គឺជានាវាប្រភេទ destroyer ខ្នាតតូច ទម្ងន់២០០០តោន។ បច្ចុប្បន្ន កងទ័ពជើងទឹកហ្វីលីពីន មិនមាននាវាប្រភេទ destroyer ឡើយ គឺមានត្រឹមនាវាចម្បាំង frigate និង corvette ដែលជាទូទៅមានទំហំតូចជាង និងបំពាក់អាវុធស្រាលៗជាងពួក destroyer៕