(តូក្យូ)៖ នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយថា រូបលោកនឹងមិនផ្តល់សម្បទានងាយៗ ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោនឡើយ ស្របពេលដែលទីក្រុងតូក្យូ កំពុងព្យាយាមបញ្ចៀសការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការយកពន្ធគយ៣៥ភាគរយលើទំនិញជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Ishiba បាននិយាយអំឡុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយយ៉ាងដូច្នេះថា «យើងនឹងមិនផ្តល់សម្បទានដោយងាយៗឡើយ ហេតុនេះហើយទើបវាកំពុងចំណាយពេលវេលាយូរ និងមានភាពលំបាក»។ ការអត្ថាធិប្បាយបែបនេះរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងស្របពេលទីក្រុងតូក្យូបន្តស្ទុះស្ទាចរចាជាមួយរដ្ឋបាលលោក ត្រាំ មុនឱសានវាទ ៩ កក្កដា ពោលគឺថ្ងៃពុធសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។

កាលពីខែមេសា ឆ្នាំនេះ លោក ដូណាល់ ត្រាំ បានដាក់ចេញចំណាត់ការយកពន្ធ១០ភាគរយ លើទំនិញនាំចេញពីដៃគូពាណិជ្ជកម្មភាគច្រើន ហើយក្នុងខែដដែលនោះ លោកក៏បានកំណត់ការយកពន្ធខ្ពស់ៗ លើប្រទេសរាប់សិបផ្សេងទៀតផងដែរ រួមមានទាំងជប៉ុន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ លោក ត្រាំ បានពន្យារពេលអនុវត្តជាបណ្តោះអាសន្ន ដើម្បីទុកពេលចរចារកកិច្ចព្រមព្រៀង។ ការយកពន្ធខ្ពស់នោះ ត្រូវបានផ្អាករយៈពេល៩០ថ្ងៃ ដែលនឹងផុតកំណត់​នៅថ្ងៃទី៩ ខែកក្កដា មានន័យថា វានឹងត្រូវអនុវត្តឡើងវិញ សម្រាប់ប្រទេសទាំងឡាយណា ដែលសម្រេចមិនបានកិច្ចព្រមព្រៀង​ជាមួយទីក្រុងវ៉ាស៉ីនតោន។

លោក ត្រាំ បាននិយាយថា លោកនឹងផ្ញើលិខិតទៅកាន់ជប៉ុន ដោយតម្រូវឱ្យជប៉ុនបង់ពន្ធ៣០ភាគរយ ៣៥ភាគរយ ឬប៉ុន្មានភាគរយក៏ដោយ ឱ្យតែអាមេរិកបានកំណត់ ហើយលោកបានហៅទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីថា មានភាពអយុត្តិធម៌។ លោក ត្រាំ បានដាក់សម្ពាធជាពិសេសចង់ឱ្យជប៉ុន ព្រមបង្កើនការនាំចូលរថយន្តនិងអង្កររបស់អាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍សប្តាហ៍នេះ បេសកជនពាណិជ្ជកម្មរបស់ទីក្រុងតូក្យូ លោក Ryosei Akazawa បាននិយាយទូរសព្ទជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick៕