(វ៉ាស៉ីនតោន)៖ លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដាថា រូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក និងជាម្ចាស់ជំនួយនយោបាយធំបំផុតរបស់លោក ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៤ បានបែកបាក់សម្ព័ន្ធភាពជាមួយលោកប្រធានាធិបតីអាមេរិក បន្ទាប់ពីបានដឹកនាំកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការកាត់បន្ថយការចំណាយនិងជម្រុះបុគ្គលិកសហព័ន្ធ ក្នុងនាមជាប្រធានអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។
លោក Musk បានទាស់ជាមួយលោក ត្រាំ ជាខ្លាំង ជុំវិញផែនការចំណាយក្នុងស្រុកដ៏ធំសម្បើមមួយរបស់លោកប្រធានាធិបតី ដោយលោក Musk អះអាងថា វានឹងធ្វើឱ្យបំណុលជាតិអាមេរិកកើនឡើងកាន់តែខ្ពស់ខ្លាំង ហើយលោកបានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដើម្បីយកឈ្នះលើសមាជិកសភាអាមេរិកទាំងឡាយ ដែលបានបោះឆ្នោតគាំទ្រផែនការនោះ។ លោក Elon Musk បាននិយាយថា ការបង្កើតគណបក្ស America Party គឺដើម្បីផ្តល់សេរីភាពត្រឡប់ទៅឱ្យប្រជាជនអាមេរិកវិញ ក្រោយនយោបាយរបស់ប្រទេសនេះ ត្រូវបានគ្របដណ្តប់ដោយគណបក្សធំៗតែ២ គឺបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ អស់រយៈពេលប្រមាណ២ទសវត្សរ៍មកហើយ។
គួរបញ្ជាក់ថា វាមិនទាន់ច្បាស់នោះទេថា តើគណបក្សថ្មីខាងលើរបស់លោក Musk នឹងអាចជះឥទ្ធិពលកម្រិតណាទៅលើ ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅឆ្នាំ២០២៦ ឬមួយក៏ទៅលើការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៨៕