(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃសៅរ៍ ទី៥ ខែកក្កដា បានព្រមានថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់បន្ថែមទៀតនៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះសំខាន់របស់ខ្លួន ប៉ុន្តែបានជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។ គ្រោះរញ្ជួយដី ៥.៥រ៉ិចទ័នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ និងមានកម្រិតរំញ័រខ្លាំងបំផុតមួយក្នុងចំណោមរំញ័រច្រើនជាង ១០០០លើក នៅលើខេត្ត Kagoshima ក្នុងពេល២សប្ដាហ៍មកនេះ ជាហេតុនាំឱ្យមានពាក្យចចាមអារ៉ាម និងការព្យាករថាអាចនឹងមានមហាគ្រោះរញ្ជួយដីវាយប្រហារជប៉ុននៅក្នុងខែកក្កដានេះ។

យ៉ាងណាក៏ដោយ លោក Ayataka Ebita ជានាយកអង្គភាពតាមដានគ្រោះរញ្ជួយដី និងរលកស៊ូណាមិរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានលើកឡើងថា «តាមការសិក្សាពីវិទ្យាសាស្ត្រក្នុងពេលបច្ចុប្បន្ន វាពិតជាពិបាកក្នុងការព្យាករពីពេលវេលាជាក់លាក់ ទីតាំង ឬទំហំនៃគ្រោះរញ្ជួយដី»។ លោកបន្តថា «យើងស្នើឱ្យប្រជាជនមានមូលដ្ឋានចំណេះដឹងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ»។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមអំពីគ្រោះមហន្តរាយធម្មជាតិបានជំរុញឱ្យភៀវទេសចរមួយចំនួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ក្នុងនោះភ្ញៀវទេសចរមកពីហុងកុងជាទីដែល ពាក្យចចាមអារ៉ាម កំពុងរីកសុសសាយ បានធ្លាក់ចុះ១១ភាគរយ ក្នុងខែឧសភាកន្លងទៅនេះ៕