(កៀវ)៖ កងកម្លាំងពិសេសអ៊ុយក្រែន បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយរបស់រុស្ស៉ី ក្នុងតំបន់ Voronezh នៅថ្ងៃសៅរ៍ ទី៥ ខែកក្កដា ជាមួយការវាយប្រហារលើឃ្លាំងស្ដុកគ្រាប់បែក glide bomb និងយន្ដហោះយោធាសម្រាប់បណ្ដុះបណ្ដាល។ នេះបើតាមយោធាអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឱ្យដឹងទៀតថាយន្ដហោះយោធាមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតទេ។ «មូលដ្ឋានទ័ពអាកាសនេះគឺជាកន្លែង ឈរជើងនៃយន្ដហោះចម្បាំងរបស់សត្រូវដូចជា Su-34, Su-35 និង Su-30SM ជាដើម»។

គួរបញ្ជាក់ថា អភិបាលតំបន់ Voronezh លោក Alexander Gusev បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដ្រូន ២៥គ្រឿងត្រូវបានបំផ្លាញក្នុងតំបន់នេះកាលពីយប់ថ្ងៃសុក្រ។ លោកបន្ថែមថាបណ្ដាញអគ្គិសនីមួយរងការខូចខាតជាបណ្ដោះអាសន្ន តែមិនបាននិយាយពីមូលដ្ឋានទ័ពអាកាសអ្វីនោះទេ៕