(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ថាវាជារឿងល្អដែលក្រុមហាម៉ាសបាននិយាយថាខ្លួនបានផ្ដល់ចម្លើយតបប្រកបដោយ ភាពវិជ្ជមានទៅនឹងសំណើបទឈប់បាញ់ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជាង ២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ហាម៉ាស កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា បាននិយាយថាខ្លួនបានផ្ដល់ចម្លើយតបប្រកបដោយស្មារតីវិជ្ជមាន ទៅកាន់សំណើបទឈប់បាញ់ហា្កហ្សាគាំទ្រដោយសហរដ្ឋអាមេរិក ហើយថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដែលនឹងនាំទៅរកការដោះលែងចំណាប់ខ្មាំង និងកិច្ចចរចាសំដៅបិទបញ្ចប់សង្រ្គាម។ កាលពី ថ្ងៃអង្គារកន្លងទៅនេះលោកក៏បាននិយាយដែរថាអ៉ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់ និងបានប្រាប់ឱ្យហាម៉ាសទទួលយក បទឈប់បាញ់នេះដែរ មុននឹងស្ថានការណ៍ កាន់តែអាក្រក់ឡើង៕