(វ៉ាស៊ីនតោន)៖ មន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ថាមនុស្សយ៉ាងហោច ២៤នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅខាងក្រៅ ទីក្រុង San Antonio រដ្ឋ Texas ហើយតួលេខនេះបានកើនឡើងពីចំនួនអ្នកស្លាប់ ១៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធរឧតុនិយមជាតិអាមេរិក បានប្រកាសភាពអាសន្នពីគ្រោះទឹកជំនន់នៅតាមផ្នែកជាច្រើននៃតំបន់ Kerr County ក្នុងរដ្ឋ Texas ដែលស្ថិតនៅចម្ងាយប្រហែល ១០៥គីឡូម៉ែត្រពីទីក្រុង San Antonio។ គ្រោះទឹកជំនន់បានកើតឡើងក្រោយមានព្យុះភ្លៀងដ៏ខ្លាំងមួយដែលធ្វើឱ្យកម្ពស់ទឹកភ្លៀងហក់ឡើងដល់ ៣០សង់ទីម៉ែត្រ។ ប្រធានប៉ូលិសប្រចាំតំបន់ Kerr County លោក Larry Lethia បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះ គឺមានមនុស្ស ២៤នាក់បានស្លាប់»

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួនត្រូវបានរាយការណ៍ថាបានបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្រ្គោះជិត ៥០០នាក់ និងឧទ្ធម្ភាគចក្រ ១៤គ្រឿងត្រូវបានដាក់ពង្រាយ ក្នុងប្រតិបត្តិការជួយសង្រ្គោះ៕