(គែរ)៖ ហាម៉ាស កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា បាននិយាយថាខ្លួនបានផ្ដល់ចម្លើយតបប្រកបដោយស្មារតីវិជ្ជមាន ទៅកាន់សំណើបទឈប់បាញ់ហា្កហ្សាគាំទ្រដោយសហរដ្ឋអាមេរិក ហើយ ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដែលនឹងនាំទៅរកការដោះលែងចំណាប់ខ្មាំង និងកិច្ចចរចាសំដៅបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុង រួមទាំងកិច្ចពិភាក្សាជាមួយ ចលនា និងកងកម្លាំងប៉ាឡេស្ទីនផ្សេងទៀត ពាក់ព័ន្ធនឹងសំណើរបស់ក្រុមអ្នកសម្របសម្រួលដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំងប្រជាជនរបស់យើងក្នុងតំបន់ហ្កាហ្សា»

សេចក្ដីថ្លែងការណ៍របស់ហាម៉ាសបានឱ្យដឹងទៀតថាហាម៉ាសបានឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ប្រកបដោយស្មារតីវិជ្ជមាន ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចចរចាជុំថ្មី ស្ដីពីយន្ដការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថាអ៉ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់៦០ថ្ងៃ ហើយបានប្រាប់ឱ្យហាម៉ាសទទួលយក បទឈប់បាញ់នេះដែរ មុននឹងស្ថានការណ៍កាន់តែអាក្រក់ឡើង៕