(Xizang)៖​ នៅថ្ងៃពុធ ទី​២​ ខែកក្កដា​ ឆ្នាំ​ ២០២៥​ China Media Group បានបន្តនាំក្រុមអ្នកសារព័ត៌មាន​កម្ពុជា​ ចុះទៅទស្សនាឧទ្យាន​ដ៏ស្រស់ស្អាតមួយប្រចាំនៅភូមិភាគស្វយ័ត​ Xizang។ នៅក្នុងន័យអភិរក្ស​ និងការអភិវឌ្ឍ​ ប្រទេសចិន​ បានជ្រេីសរេីសទីតាំងដែលអាចមេីលឃេីញទីក្រុង​ឡាសាទាំងមូល​ ដេីម្បីជាគោលដៅបរិស្ថានអេកូឡូស៉ីដំបូង​គេ​ នោះគឺឧទ្យា​ន​ Nanshan។

Nanshan លាតសន្ធឹងនៅលេីផ្ទៃដី​ទំហំ​ ៣៣ហិចតា​ និងជាជ្រលងភ្នំកម្ពស់​ ៣៤៥៨ម៉ែត្រ។ តាមផ្លូវឡេីងទៅខាងលេីមានកន្លែងឈប់សំចតឱ្យអ្នកមកកម្សាន្តសម្រាក​ចំនួន​ ៩​ និងទីតាំងទេសចរណ៍​ ៨កន្លែង។ អ្នកការពារ​ និងថែរក្សាឧទ្យាន​ បានឱ្យដឹងថា​ កាលពីជាង​ ១០ឆ្នាំមុន​ ទីនេះគ្មានរុក្ខជាតិឡេីយ​តែសម្បូរទៅដោយថ្មភ្នំ។ បន្ទាប់ពីមា​នការយកចិត្តទុកដាក់​ និងកំណត់យកទីនេះជាតំបន់អភិរក្ស​ ក្រុមអ្នកការពារ​ និងអភិរក្សបានចាប់ផ្តេីមការងារដាំ​ ឬបណ្តុះកូនឈេីទៅតាមបច្ចេកទេស​ រាប់ចាប់តាំងពីក្រោមរហូតដល់លេីកំពូលភ្នំ។

បច្ចុប្បន្ន​ របៀបថែរក្សាទីតាំងនេះ​ធ្វេីឡេីងតាមបច្ចេកវិទ្យាដ្រូន​ ពោលគឺប្រេីដ្រូនដេីម្បីពិនិត្យមេីល​ ស្រោចស្រពរុក្ខជាតិ​ ដឹកជញ្ជូនសម្ភារឡេីងទៅលេីកំពូល​ និងអាចបញ្ជាចេញពីគ្រប់ទីកន្លែង​បានយ៉ាងងាយស្រួល។ ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាន​ Fresh News អ្នកល្បាត​ និងការពារព្រៃឈេីនៅឧទ្យាន​ Nanshan បាននិយាយថា​ ទីនេះពេញនិយមសម្រាប់ការថតរូប​ ដោយមានបឹង​ ទេសភាពព្រៃភ្នំ​ មេីលឃេីញវិមា​នផូតាឡា​ពីចម្ងាយ​ និងអាចឆ្លុះឃេីញ​ វិមានផូថាឡាពីផ្ទៃទឹកបឹងទៀតផង។ ក្នុងមួយថ្ងៃឧទ្យាន​ Nanshan ទទួលបានភ្ញៀវទេសចរជាមធ្យមជាង​ ១០​ ០០០នាក់។

គួរបញ្ជាក់ថា​ China Media Group បានរៀបចំទស្សនកិច្ចនៃអ្នកសារព័ត៌មានកម្ពុជា​ និងបរទេសនៅក្នុងឱកាសខួប​ ៦០ឆ្នាំនៃការបង្កេីតភូមិភាគស្វយ័ត​ Xizang។ ព្រឹត្តិការណ៍ «​ធ្វើ​ដំណើរនៅ​ Xizang ឆ្ពោះទៅទំនើបកម្មរួម»​ គឺដើម្បីឈ្វេងយល់ពីការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់តំបន់​ ក្នុងរយៈពេលប៉ុន្មាន​ទសវត្សរ៍​កន្លងមក។ ​ការផ្លាស់ប្តូរបែប​នេះក៏បង្ហាញឱ្យឃើញថា​ មាគ៌ានៃទំនើបកម្មតាមបែបផែនចិ​នបាន​ផ្តល់​ផលប្រយោជន៍ដល់ប្រជាជនចិន ក្នុងនោះ​បូក​រួមទាំង​ប្រជាជន​ Xizang​ ហើយក្នុង​ដំណើរ​ធ្វើ​ទំនើបកម្ម​តាម​បែបផែន​ចិនក៏បាន​កែលម្អ​ជីវភាព​របស់​ប្រជាជនផង​ដែរ៕