(ឡូសអាន់ជេឡេស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ភ្នាក់ងារពន្លត់អគ្គិភ័យអាមេរិក ច្រើនជាង៣០០នាក់ បាននាំគ្នាព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ កើតឡើងក្នុងរដ្ឋ California ខណៈគិតត្រឹមពេលនេះ វាជាភ្លើងឆេះព្រៃធំំបំផុត ក្នុងឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ភ្លើងឆេះព្រៃឈ្មោះ Madre Fire បានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ នៅតំបន់ San Luis Obispo ដែលជាតំបន់ជនបទមួយ នៅកណ្តាលរដ្ឋ California។ មនុស្សប្រមាណ២០០នាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយអគាររាប់សិបខ្នង ត្រូវបានគំរាមគំហែង​ដោយភ្លើងឆេះព្រៃ។

គិតត្រឹមពេលនេះ Madre Fire គឺជាភ្លើងឆេះព្រៃធំបំផុតក្នុងឆ្នាំ២០២៥ នៅរដ្ឋ California ខណៈកាលពីដើមឆ្នាំ ភ្លើងឆេះព្រៃដ៏អាក្រក់ បានបង្កការបំផ្លិចបំផ្លាញមួយផ្នែកធំចំពោះទីក្រុង Los Angeles ហើយបណ្តាលឱ្យមនុស្សមួយចំនួន បាត់បង់ជីវិត។

អាជ្ញាធរពន្លត់អគ្គិភ័យរដ្ឋ California បានឱ្យដឹងថា ភ្លើងឆេះព្រៃ Madre Fire បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេល២៤ម៉ោង វាបានឆាបឆេះ​ផ្ទៃដីជាង២០ ០០០ហិកតា។ វាកើតមានឡើង ក្រោយភ្លើងឆេះព្រៃមួយចំនួនផ្សេងទៀត ជាហេតុនាំឱ្យកើនក្តីបារម្ភថា រដូវក្តៅឆ្នាំនេះនឹងជារដូវក្តៅដ៏លំបាកមួយ សម្រាប់រដ្ឋ California ដែលចាំមិនទាន់ភ្លេចនូវភ្លើងឆេះព្រៃ ដែលបានផ្តាច់ជីវិតមនុស្ស៣០នាក់ កាលពីខែមករា។

គួរបញ្ជាក់ថា វាក៏ជារដូវក្តៅដំបូងផងដែរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ​កញ្ចប់ថវិកានិងបុគ្គលិក នៅតាមទីភ្នាក់ងារសហព័ន្ធ​ដែលទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយអាកាសធាតុ ដូចជាទីភ្នាក់ងារព្រៃឈើ Forest Service, ទីភ្នាក់ងារដែនសមុទ្រនិងឧតុនិយម NOAA និងទីភ្នាក់ងារ FEMA ដែលសម្របសម្រួលកិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ៕