(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានសម្រេចចិត្តលុបចោលគម្រោងទស្សនកិច្ចជាលើកដំបូង មកកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើបញ្ហានៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Nikkei នាថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥។
Nikkei បានរាយការណ៍ថា ដំបូងឡើយ លោក Rubio ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកដល់ទីក្រុងតូក្យូ នៅថ្ងៃចន្ទសប្តាហ៍ខាងមុខនេះ ប៉ុន្តែលោកបានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េខាងត្បូងវិញថា គម្រោងទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសទាំងពីរ នឹងត្រូវលើកពេល។
កាលពីសប្តាហ៍មុន សារព័ត៌មានជប៉ុន Kyodo ដោយស្រង់សម្តីមន្រ្តីរដ្ឋាភិបាលជប៉ុនមួយរូប បានរាយការណ៍ថា លោក Rubio បានគ្រោងបំពេញទស្សនកិច្ចមកកាន់ជប៉ុនជាលើកទីមួយ នៅអំឡុងដើមខែកក្កដានេះ ហើយបន្ទាប់ពីជប៉ុន លោកនឹងបន្តដំណើរទៅកូរ៉េខាងត្បូង មុនចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសអាស៊ាន នៅឯម៉ាឡេស៉ី។
គួរបញ្ជាក់ថា យោងតាម Nikkei ជំនួសមកវិញ លោក Rubio នឹងត្រូវចូលរួមកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៉ីនតោន រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយនិងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu៕