(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា បាននិយាយថាលោកមានគម្រោងចាប់ផ្ដើមបញ្ជូនលិខិតជូនដំណឹងទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្ម អំពីអត្រាពន្ធគយដែលពួកគេត្រូវបង់នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈកិច្ចចរចាដើម្បីបញ្ចៀសការយកពន្ធគយកម្រិតខ្ពស់ពីអាមេរិកចូលដល់ដំណាក់កាលចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានបំណងបញ្ជូនលិខិតជូនដំណឹងដើម្បីប្រាប់ថាតើពួកគេនឹងត្រូវបង់ពន្ធគយក្នុងអត្រាប៉ុន្មាន»។ លោកបន្តថា «យើងនឹងបញ្ជូន លិខិតមួយចំនួនដោយនឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ»។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ ធ្វើឡើង ខណៈការផ្អាកយកពន្ធគយកម្រិតខ្ពស់ដែលលោកបានប្រកាសកាលពីខែមេសា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៩ ខែកក្កដា។ ប៉ុន្តែ មកទល់នឹងពេលនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងវៀតណាមតែប៉ុណ្ណោះ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងឯកភាពគ្នា ផ្អាកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកជាបណ្ដោះអាសន្ន៕