(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានបដិសេធចំពោះការអះអាងរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថារុស្ស៊ីកំពុងអូសបន្លាយពេលក្នុងការចរចាសន្តិភាព ហើយបានបន្ថែមថា ទីក្រុងមូស្គូបានបំពេញរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរហូតមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥។

កាលពីថ្ងៃចន្ទ បេសកជនជាន់ខ្ពស់របស់លោក ត្រាំ សម្រាប់អ៊ុយក្រែន លោក Keith Kellogg បាននិយាយថា «រុស្ស៊ីមិនអាចបន្តប្រើល្បិចអូសបន្លាយពេលបានទេ ស្របពេលដែលខ្លួនកំពុងតែបន្តទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិលនៅអ៊ុយក្រែន»

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីអរគុណចំពោះក្រុមការងាររបស់លោក ត្រាំ ដែលបានជួយសម្រួលដល់កិច្ចចរចា ប៉ុន្តែទីក្រុងមូស្គូមិនបានអូសបន្លាយកិច្ចចរចានោះទេ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា «គ្មាននរណាម្នាក់កំពុងពន្យារពេលអ្វីនៅទីនេះទេ... យើងគាំទ្រការសម្រេចបាននូវគោលដៅ... តាមមធ្យោបាយនយោបាយ និងការទូត»។ លោកបានបន្ថែមថា រុស្ស៊ីបានបំពេញកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានរហូតមកដល់ពេលនេះ។

ទោះជាយ៉ាងនេះក្តី លោក Peskov បានទទួលស្គាល់ថា កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំទីបី គឺមិនទាន់ត្រូវបានឯកភាពគ្នានៅឡើយទេ ដែលបង្ហាញថា ដំណើរការចរចាពិតប្រាកដនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាមានការឆ្លើយឆ្លងគ្នាផ្នែកការទូតក៏ដោយ៕