(ប៉េកាំង)៖ បក្សកុម្មុយនីស្តចិន ជាបក្សធំជាងគេបំផុត និង មានសមាជិករហូតដល់ជាង ៩០លាននាក់ ដែលមានលោកស៊ី ជិនភីង ជាអគ្គលេខាធិការបក្ស។ ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត បានរីកចម្រើនជាលំដាប់រហូតដល់ក្លាយជា មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកថែមទៀត ចាប់តាំងពីគ្រប់គ្រងប្រទេសនៅខែតុលា ឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិន បានកែប្រែមុខមាត់ចិនស្ទើរតែគ្រប់វិស័យ ជាពិសេស ក្នុងយុគ្គសម័យក្រោមការដឹកនាំរបស់លោក ស៊ី ជិនភីង ដែលដឹកនាំប្រទេសចិនឈានដល់ទំនើបកម្មតាមបែបផែនចិន។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ក្នុងឆ្នាំ២០២១ ការធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវបានបំបែកចេញពីគំនិត នៃទំនើបកម្មទូទៅមួយ ដែលកើតចេញពីទំនើបកម្មបែបបស្ចិមប្រទេស ដែលប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏សមស្របនឹង លក្ខខណ្ឌរបស់ខ្លួន និង ប្រកបដោយនិរន្តរភាព ព្រមទាំងបានផ្តល់នូវបទពិសោធល្អៗដែលអាចអនុវត្តតាមបាន សម្រាប់បណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវទំនើបកម្មរៀងៗខ្លួន ហើយវាជាចលករ ដ៏អស្ចារ្យមួយសម្រាប់ជំរុញកំណើន ក្នុងពេលអនាគត។
ជាមួយនឹងទំនើបកម្មនេះ វិធានការរបស់បក្សកុម្មុយនីស្តចិន បានឆ្លុះបញ្ចាំងឱ្យឃើញអំពីឯកត្តភាពនៃគំរូអភិបាលកិច្ច និងបានផ្តល់នូវទស្សនវិស័យផ្សេងៗ សម្រាប់ធ្វើឱ្យសង្គមមួយមានភាពជោគជ័យ ក្រោមទស្សនវិជ្ជា «ប្រជាជនជាមជ្ឈមណ្ឌល» ដែលជាស្នូលនៃទំនើបកម្មបែបចិន និងផ្តល់អាទិភាពដល់សុខមាលភាពរបស់ប្រជាជន។ គំរូអភិបាលកិច្ចដ៏ទំនើបតាមបែបចិន ត្រូវបានប្រទេសភាគច្រើននៅលើសាកលលោក ទទួលស្គាល់ ដោយឆ្លុះបញ្ចាំងពីអភិបាលកិច្ចរបស់ខ្លួន និង យកទុកជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចនៃប្រទេសរបស់ខ្លួន។ ទំនើបកម្មបែបចិននេះ មិនត្រឹមតែជាការធ្វើឱ្យមានភាពជោគជ័យ លើវិស័យសេដ្ឋកិច្ចនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ នូវអត្ថន័យដ៏ស៊ីជម្រៅនៃពាក្យថា ទំនើបកម្មបែបចិននេះទៀតផង។ ជាក់ស្តែងយើងមើលឃើញថា ពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមនឹងភាពមិនច្បាស់លាស់ នៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង សន្តិសុខ ដែលមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាបច្ចុប្បន្នរឿងរ៉ាវខ្លះ ជារឿងដែលមិនគួរកើតមាន ក៏អាចកើតមានឡើងបានដែរ។ រីឯប្រទេសចិនវិញ កំពុងតែឈានដល់បទពិសោធន៍ នៃមេរៀនដ៏មិនអាចកាត់ថ្លៃបាន ដែលជាអគ្គមគុទេសក៏ដ៏ត្រឹមត្រូវ សម្រាប់មនុស្សជាតិ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើននៃសមភាព និង ចីរភាព។ ការបន្តរីកចម្រើននេះ ត្រូវបាន ចាត់ទុកកើតចេញពីគំរូអភិបាលកិច្ច និង ទំនើបកម្មតាមបែបចិន ដោយយកប្រជាជនជា មជ្ឈមណ្ឌល។ ទំនើបកម្មនេះ ជាគំរូដ៏ល្អមួយដែលប្រែក្លាយប្រទេសសង្គមនិយម ឱ្យមានការរីកលូតលាស់កម្រិតខ្ពស់ អាចរត់ប្រណាំងយ៉ាងលឿន ជាមួយកម្លាំងដ៏មហិមា ជាមួយបណ្តាប្រទេសលោកខាងលិចនានា ទាំងវិស័យសេដ្ឋកិច្ច សង្គម និង វប្បធម៌។
ជាមួយនឹងទំនើបកម្មនេះ បក្សកុម្មុយនីស្តបានដាក់ចេញនូវចរឹតលក្ខណៈ ៥យ៉ាង គឺ ១)ប្រជាជនច្រើន ២)វិបុលភាពរួម សម្រាប់ទាំងអស់គ្នា ៣)ការរីកចម្រើននៃសម្ភារៈ វប្បធម៌ និង ក្រមសីលធម៌ ៤)សុខុដុមរម្យនារវាងមនុស្សជាតិនិងធម្មជាតិ និង ៥)ការអភិវឌ្ឍប្រកបដោយសន្តិភាព។ ប្រជាជនច្រើន ជាវិបាករបស់សង្គមនានាកន្លងមក ដែលប្រទេសចិនអាចធ្វើការគ្រប់គ្រងបាន ល្អប្រសើរ និង អភិវឌ្ឍយ៉ាងលឿននៃមូលធនមនុស្សទាំងការសិក្សាអប់រំ និង សុខមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ការបង្កើតឱ្យមានវិបុលភាពនៃប្រជាជនដ៏ច្រើន ដែលមានជីវភាពផ្សេងគ្នា វប្បធម៌បុរាណផ្សេងគ្នា របៀបរបបរស់នៅផ្សេងគ្នា ការសិក្សានិងការវិវត្តផ្សេងគ្នា ឱ្យរួបរួមគ្នាជាកម្លាំងចលករនៃសេដកិច្ចដ៏រឹងមាំមួយ ដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្មផង សង្គមនិងវប្បធម៌ផង និង ឈានដល់ការទ្រទ្រង់ដល់វិស័យយោធា និង សន្តិសុខទៀតផង។ ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាលចិន អភិបាលកិច្ចល្អនិងលុបបំបាត់អំពើពុករលួយ បានធ្វើឱ្យមានការរីកចម្រើននូវមូលធនជាតិ មូលធនសម្ភារៈ ដែលជាកត្តាផលិតកម្មមួយបន្ថែមលើ មូលធនមនុស្ស និង កម្លាំងពលកម្ម និង ប្រែក្លាយធនធានទាំងនេះឱ្យមាន ការរីកចម្រើនផ្នែកវប្បធម៌ និង ក្រមសីលធម៌ ដែលត្រូវបានគេចាត់ទុកថា ជាការអភិវឌ្ឍផ្នែកទន់ដល់ចលករសេដ្ឋកិច្ចនិងសង្គម។
លើសពីនេះទៀត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យបរិស្ថាន និង និរន្តរភាពក្នុងការរស់នៅរបស់មនុស្សជាតិ ជាសកម្មភាពទី៤ ដែលនេះជាគំរូមួយមិនត្រឹមតែសម្រាប់ ការអភិវឌ្ឍរបស់ប្រទេសចិននោះទេ ការយកចិត្តទុកដាក់លើបរិស្ថានរស់នៅ ពិតជាបានផ្តល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបាន ដល់ពិភពលោកទាំងមូល។ ជាចុងក្រោយការរស់នៅប្រកបដោយសន្តិភាព ជាយន្តការគន្លឹះមួយរបស់ចិន ដែលបានអនុវត្តកន្លងមក និង ក្លាយជាគន្លឹះមួយនៃទំនើបកម្មថ្មីតាមបែបចិន ដែលផ្តល់ឱកាសដល់ ប្រជាជាតិទាំងមូល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជកម្ម វិនិយោគរបស់ខ្លួន ដោយគ្មានជម្លោះ និង ប្រកបដោយភាពសុខដុមរមនា នៃប្រជាជាតិសាកល។ ជាមួយនឹងចរឹតលក្ខណៈនេះ ប្រទេសចិនបានជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុកការអភិវឌ្ឍប្រទេសចិនប្រកបដោយនិរន្តរភាព និង អភិវឌ្ឍដំណើរការ ប្រជាមានិតប្រជាធិបតេយ្យទាំងមូល ដែលជាទស្សនទាននយោបាយ នៃការបង្កើតទំនាក់ទំនងរវាងប្រជាជននិងរដ្ឋាភិបាល ព្រមទាំងធ្វើឱ្យមានភាពសំបូរបែប នៃវប្បធម៌រស់នៅរបស់ប្រជាជន បន្តបើកចំហរសេដ្ឋកិច្ច និង ការកែទម្រង់ប្រទេស។ ក្រៅពីនេះ ប្រទេសចិន ក៏បានកសាងនូវសហគមន៍មនុស្សជាតិមួយ ដែលមានជោគវាសនារួម និង ការបង្កើតទម្រង់ថ្មីរបស់ សម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។
ទាំងនេះ ជាចលករសំខាន់មួយ សម្រាប់បរិបទពិភពលោកថ្មី ដែលមានភាពមិនប្រាកដច្បាស់ ទស្សនវិជ្ជារបស់ថ្នាក់ដឹកនាំចិន ក្នុងការធ្វើទំនើបកម្មតាមបែបចិន អាចផ្តល់ជាមេរៀនក៏ដូចជាបទពិសោធន៍ សម្រាប់ប្រទេសនានានៅលើសាកលោក ជាពិសេសប្រទេសអភិវឌ្ឍខាងត្បូង និង ប្រទេសកម្ពុជា ដែលអាចចាត់ទុកជាគំរូសាកលមួយ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន ទៅតាមលក្ខខណ្ឌ និង ធនធានដែលខ្លួនមាន។
ជាលទ្ធផលក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ទស្សនទានទំនើបកម្មនេះ បានធ្វើឱ្យប្រទេសចិនមានការលូតលាស់ សេដ្ឋកិច្ចឥតថមថយ ដើរទន្ទឹមគ្នានឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាដៃគូផងដែរ ជាពិសេស ក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ បើទោះជាសិ្ថតក្នុងបរិបទសេដ្ឋកិច្ចសាកលលោក មិនមានភាពប្រាកដច្បាស់ និង ភាពតានតឹងនៃប្រព័ន្ធគាំពារនិយម និងប្រពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា