(មូស្គូ)៖ មន្រ្តីតែងតាំងដោយរុស្ស៉ី បានអះអាងថា កងកម្លាំងរុស្ស៉ីនាពេលនេះគ្រប់គ្រងបានទាំងស្រុងហើយលើតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែន ពោលគឺរយៈពេលជាង៣ឆ្នាំ ក្រោយរុស្ស៉ីបានលើកទ័ពឈ្លានពានចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥។

លោក Leonid Pasechnik ដែលកើតនៅអ៊ុយក្រែនអំឡុងសម័យសហភាពសូវៀត ហើយឥឡូវជាមន្រ្តីតែងតាំងដោយរុស្ស៉ី ឱ្យធ្វើជាអភិបាលតំបន់ Luhansk បាននិយាយថា តំបន់នេះទាំងមូលឥឡូវស្ថិតក្រោមការកាន់កាប់របស់កងកម្លាំងរុស្ស៉ីហើយ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៉ី ឬការអត្ថាធិប្បាយពីអ៊ុយក្រែន នៅឡើយទេ។

ប្រសិនបើជាការពិត Luhansk ដែលជាតំបន់មួយមានផ្ទៃដីទំហំ២៦ ៧០០គីឡូម៉ែត្រក្រឡា គឺជាតំបន់ដំបូងបំផុតរបស់អ៊ុយក្រែន ដែលធ្លាក់ក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងរុស្ស៉ី គិតចាប់តាំងពីទីក្រុងមូស្គូបានក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ កាលពី​ឆ្នាំ២០១៤មក។

កាលពីខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៉ី​ លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា Luhansk ព្រមទាំង Donetsk, Kherson និង Zaporizhzhia ដែលសុទ្ធគ្រប់គ្រងមិនពេញទាំងស្រុង គឺត្រូវបានចាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៉ី។ ទង្វើនោះត្រូវបានក្រុមប្រទេសអឺរ៉ុប ចាត់ទុកជាអំពើខុសច្បាប់ ហើយប្រទេសភាគច្រើនលើពិភពលោក មិនបានទទួលស្គាល់ឡើយ។

អ៊ុយក្រែនបាននិយាយថា ការទាមទាររបស់រុស្ស៉ីចំពោះតំបន់ Luhansk និងតំបន់ដទៃទៀត ដែលអន្តរជាតិទទួលស្គាល់ជាទឹកដីរបស់អ៊ុយក្រែន គឺគ្មានមូលដ្ឋានត្រឹមត្រូវនិងខុសច្បាប់ ហើយទីក្រុងកៀវបានសន្យាថា គ្មានថ្ងៃទទួលស្គាល់អធិបតេយ្យភាព​របស់រុស្ស៉ីលើតំបន់ទាំងនោះជាដាច់ខាត។ ដោយឡែក រុស្ស៉ីវិញអះអាងថា ទឹកដីទាំងអស់នៃតំបន់ទាំង៤នោះ ឥឡូវជាផ្នែកនៃប្រទេសរុស្ស៉ី ហើយស្ថិតក្រោមឆ័ត្រនុយក្លេអ៊ែររបស់រុស្ស៉ី និងគ្មានថ្ងៃវិលត្រឡប់ទៅជារបស់អ៊ុយក្រែនវិញឡើយ៕