(បាងកក)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។ នេះបើតាមកាសែតថៃ Khaosod។

តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក្នុងសំឡេង ៧ ទល់ ២សំឡេង។ «តុលាការធម្មនុញ្ញជាមួយសំឡេងភាគច្រើន ៧ ទល់នឹង២ បានសម្រេចព្យួរ ចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ»។ នេះជាការបញ្ជាក់របស់តុលាការធម្មនុញ្ញថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។ តុលាការធម្មនុញ្ញថៃនឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក៕