(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។
ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក្នុងសំឡេង ៧ ទល់ ២សំឡេង។ «តុលាការធម្មនុញ្ញជាមួយសំឡេងភាគច្រើន ៧ ទល់នឹង២ បានសម្រេចព្យួរ ចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ»។ នេះជាការបញ្ជាក់របស់តុលាការធម្មនុញ្ញថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។
ក្រោយទទួលយកញត្តិ តុលាការធម្មនុញ្ញថៃនឹងចាប់ផ្ដើមពិចារណាថាតើលោកស្រី Paetongtarn បានបំពានរដ្ឋធម្មនុញ្ញដែរឬក៏យ៉ាងណា ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទដែលលោកស្រីបានប្រាប់សម្ដេចតេជោថាមេបញ្ជាការភូមិភាគ២ គឺជាពួកប្រឆាំងនឹងលោកស្រី និងសម្ដេចតេជោ។ តុលាការធម្មនុញ្ញថៃនឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក៕