(ឌូបៃ)៖ អ្នកនាំពាក្យម្នាក់នៃប្រព័ន្ធយុត្តិធម៌អ៉ីរ៉ង់ បានឱ្យដឹងថាផ្អែកលើទិន្នន័យចុងក្រោយបំផុត មានមនុស្សយ៉ាងហោច ៩៣៥នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៉ីរ៉ង់ អំឡុងសង្រ្គាមតាមផ្លូវអាកាស ១២ថ្ងៃ ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

នៅក្នុងចំណោមអ្នកស្លាប់ទាំង ៩៣៥នាក់ ក្នុងនោះមាន ៣៨នាក់ជាកុមារ និងស្ត្រី ១៣២នាក់។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះ កើនឡើងយ៉ាងខ្លាំង ពីការបញ្ជាក់ពីមុនរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់ដែលថា អ្នកស្លាប់មានចំនួន ៦១០នាក់ មុននឹងមានបទឈប់បាញ់មួយចូលជាធរមានកាលពីថ្ងៃអង្គារសប្ដាហ៍មុន។ អ៉ីរ៉ង់ក៏បានកែតម្រូវចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើពន្ធនាគារ Evin ក្នុងទីក្រុង តេហេរ៉ង់ ពី៧៩នាក់ មកនៅត្រឹម ៧១នាក់ផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយអះអាងថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ បើទោះជាតេហេរ៉ង់ច្រានចោលការចោទប្រកាន់ នេះក៏ដោយ។ សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមកាលពីថ្ងៃទី២២ ខែមិថុនា ដោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ហើយ២ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៤ ខែមិថុនា អ៉ីស្រាអែល និងអ៉ីរ៉ង់បានឈាន ដល់បទឈប់បាញ់មួយ ប្រកាសដោយលោក ដូណាល់ ត្រាំ៕