(បាងកក)៖ លោកស្រី Paetongtarn Shinawatra នឹងត្រូវកាន់តំណែង២ ក្នុងពេលតែមួយគឺជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីមួយដែលត្រូវបានប្រកាសនៅក្នុងព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette នៅថ្ងៃអង្គារ ទី១ ខែកក្កដា។ នេះបើតាមកាសែត Bangkok Post។

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី Paetongtarn ទទួលបានការអនុម័តយល់ព្រមពីព្រះមហាក្សត្រថៃ ហើយពិធីស្បថចូលកាន់តំណែងនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ តាមព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette លោកស្រី Paetongtarn នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ថែមពីលើតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌។

ក្រុមអ្នកតាមដាននយោបាយថៃ​ បាននិយាយថាការសម្រេចចិត្តរបស់លោកស្រី Paetongtarn ក្នុងការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺដើម្បីអាចបន្តស្ថិតនៅក្នុងជួរគណៈរដ្ឋមន្ត្រីថៃ ក្នុងករណីដែល តុលាការធម្មនុញ្ញព្យួរលោកស្រីពីតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ៕