(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃចន្ទនេះបានមានប្រសាសន៍ថា អ៊ីស្រាអែលមានចំណាប់អារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសស៊ីរី និងលីបង់ ប៉ុន្តែបានបញ្ជាក់ថា ស្ថានភាពនៃតំបន់ខ្ពង់រាប Golan គឺមិនអាចចរចាបានទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។

មេដឹកនាំអ៊ីស្រាអែលបានអះអាងថា ជាមួយនឹងការដែលគូប្រជែងរបស់ខ្លួនគឺអ៊ីរ៉ង់ បានចុះខ្សោយដោយសារសង្គ្រាមរយៈពេល ១២ថ្ងៃកាលពីដើមខែនេះ ប្រទេសផ្សេងទៀតនៅក្នុងតំបន់មានឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល។ លោក Saar បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហ្សេរុយសាឡឹមថា «យើងមានចំណាប់អារម្មណ៍ក្នុងការបន្ថែមប្រទេសដូចជា ស៊ីរី និងលីបង់ ដែលជាអ្នកជិតខាងរបស់យើង ទៅក្នុងរង្វង់នៃសន្តិភាព និងការធ្វើប្រក្រតីនីយកម្ម ខណៈពេលដែលការពារផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់អ៊ីស្រាអែល»។

ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «តំបន់ Golan នឹងនៅតែជាផ្នែកមួយនៃរដ្ឋអ៊ីស្រាអែល»។

អ៊ីស្រាអែលបានវាយយកតំបន់ខ្ពង់រាប Golan ក្នុងឆ្នាំ ១៩៨១ បន្ទាប់ពីដណ្តើមបានទឹកដីនេះ ពីស៊ីរីក្នុងអំឡុងសង្គ្រាមប្រាំមួយថ្ងៃឆ្នាំ ១៩៦៧។ ខណៈដែលសហគមន៍អន្តរជាតិភាគច្រើនចាត់ទុកតំបន់ Golan ថាជាទឹកដីស៊ីរី ដែលស្ថិតក្រោមការកាន់កាប់, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់នេះ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ប្រទេសអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក បានក្លាយជារដ្ឋអារ៉ាប់ដំបូងគេដែលបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីហ្ស៊កដានីក្នុងឆ្នាំ ១៩៩៤ និងអេហ្ស៊ីបក្នុងឆ្នាំ ១៩៧៩៕