(បាងកក)៖ ការស្ទង់មតិថ្មីចុងក្រោយបង្អស់នៃវិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល ហៅកាត់ NIDA របស់ប្រទេសថៃ បានបង្ហាញថា អត្រាប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra បានធ្លាក់ចុះយ៉ាងខ្លាំងគឺមកនៅត្រឹម ៩ភាគរយប៉ុណ្ណោះ ហើយគណបក្ស Pheu Thai ក៏បានធ្លាក់មកស្ថិតនៅចំណាត់ថ្នាក់ក្រោយបណ្តាគណបក្សប្រឆាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វិទ្យាស្ថាន NIDA បានប្រកាសលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន សម្រាប់ត្រីមាសទី២ឆ្នាំនេះ ដែលត្រូវបានធ្វើឡើងកាលពីចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ដោយរកឃើញថា អត្រាប្រជាប្រិយភាពរបស់លោកស្រី Paetongtarn បានធ្លាក់មកនៅត្រឹម៩.២ភាគរយ ធៀបនឹង៣០.៩ភាគរយ កាលពីត្រីមាសទី១។ អត្រាដ៏ទាបបំផុតមួយនេះ គឺស្ថិតនៅឆ្ងាយពីក្រោយមេដឹកនាំបក្សប្រឆាំង លោក Natthaphong Ruengpanyawut, អតីតនាយករដ្ឋមន្រ្តី លោក Prayut Chan-o-cha និងសូម្បីតែរដ្ឋមន្រ្តីមហាផ្ទៃ លោក Anutin Charnvirakul។
គួរបញ្ជាក់ថា អត្រាប្រជាប្រិយភាពរបស់គណបក្ស Pheu Thai ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះរបស់ថៃ ក៏បានធ្លាក់ចុះខ្លាំងដូចគ្នា គឺពី២៨.០៥ភាគរយ កាលពីត្រីមាសទី១ មកនៅត្រឹម១១.៥២ភាគរយ នាត្រីមាសទី២នេះ ពោលគឺស្ថិតនៅចំណាត់ថ្នាក់ពីក្រោយ បក្សប្រឆាំង People's Party និងសូម្បីតែបក្ស United Thai Nation Party ដែលស្ថិតក្នុងក្រុមចម្រុះ៕