(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres និងប្រធាន UNSC លោកស្រី Carolyn Rodrigues-Birkett លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ បំពេញទំនួលខុសត្រូវរបស់ខ្លួននៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកក៏បានចោទប្រកាន់អ៉ីស្រាអែលផងដែរថាមានចេតនាវាយប្រហារដោយកំណត់គោលដៅលើ អគារ ជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាទង្វើបំពានលើធម្មនុញ្ញ UN និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងនោះរួមមានទីតាំងយោធា និងនុយក្លេអ៊ែរដោយសម្លាប់មេបញ្ជា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៉ីរ៉ងបានសងសឹកវិញដោយបាញ់មីស៊ីលបាលិស្ទីគ និងដ្រូន។ នៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន៣ ខណៈជាការសងសឹកអ៉ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Al Udeid ក្នុងប្រទេសកាតា។ តែការវាយប្រហាររបស់អាមេរិកបាននាំរកការបិទបញ្ចប់ សង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ កាលពីថ្ងៃទី២៤ ខែមិថុនា៕