(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលចាប់ផ្ដើមដំណើរការឲ្យប្រទេសដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាហាមឃាត់ការផលិត និងប្រើប្រាស់មីនប្រឆាំងមនុស្ស។ នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

សមាជិកសភាជាន់ខ្ពស់ផ្នែកការពារជាតិ លោក Roman Kostenko បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងដោយសាររុស្ស៊ីមិនមែនជាភាគីនៃអនុសញ្ញាអូតាវ៉ានេះ ហើយកំពុងប្រើប្រាស់មីនយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រឆាំងនឹងទាហាន និងជនស៊ីវិលអ៊ុយក្រែន។ លោកបានថ្លែងថា «យើងមិនអាចនៅជាប់ចំណងក្នុងបរិយាកាសដែលសត្រូវគ្មានការរឹតត្បិតនោះទេ» ដោយលោកបញ្ជាក់ថា នេះគឺដើម្បីស្ដារសិទ្ធិរបស់អ៊ុយក្រែនក្នុងការការពារទឹកដីប្រកបដោយប្រសិទ្ធភាព។

ក្រឹត្យរបស់លោកប្រធានាធិបតីនេះ នៅតែត្រូវការការអនុម័តពីសភា ទើបការដកខ្លួននេះមានប្រសិទ្ធភាពជាផ្លូវការ។ ប្រសិនបើត្រូវបានអនុម័ត នោះអ៊ុយក្រែន ដែលបានចូលរួមសន្ធិសញ្ញានេះក្នុងឆ្នាំ ២០០៥ នឹងអាចផលិត និងប្រើប្រាស់មីនប្រឆាំងមនុស្សឡើងវិញ ដែលអាចនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការពារខ្លួននៅលើសមរភូមិយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការបោះបង់ចោលសន្ធិសញ្ញាមនុស្សធម៌អន្តរជាតិដ៏សំខាន់មួយនេះ បានគូសបញ្ជាក់ពីភាពឃោរឃៅនៃសង្គ្រាម និងសម្ពាធដែលទីក្រុងកៀវកំពុងប្រឈមមុខក្នុងការការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី៕