(ហ្សេរុយសាឡឹម)៖ តុលាការស្រុកហ្សេរុយសាឡឹម បានសម្រេចលុបចោលសវនាការនៅក្នុងសវនាការកាត់ក្តីអំពើពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu សម្រាប់សប្តាហ៍នេះ ដោយបានផ្លាស់ប្តូរការសម្រេចចិត្តពីមុនរបស់ខ្លួន ក្រោយពីបានទទួលយកសំណើដែលមេដឹកនាំអ៊ីស្រាអែលរូបនេះបានដាក់ស្នើ ដោយលើកឡើងពីហេតុផលការទូត និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុងការចូលរួមចរចាជាមួយក្រុមហាម៉ាស់ និងអ៊ីរ៉ង់។ លោកថែមទាំងបានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងមិន «ឈរមើលរឿងនេះទេ»។
សេចក្តីសម្រេចថ្មីរបស់តុលាការដែលត្រូវបានផ្សព្វផ្សាយ បានបញ្ជាក់ថា «ហេតុផលថ្មី» ដែលត្រូវបានផ្តល់ដោយលោក Netanyahu ប្រធានទីភ្នាក់ងារចារកម្ម Mossad និងប្រធានចារកម្មយោធា បានបង្ហាញពីភាពត្រឹមត្រូវនៃការលុបចោលសវនាការនេះ។ ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ទេថា តើការបង្ហោះរបស់លោក ត្រាំ មានឥទ្ធិពលលើការសម្រេចចិត្តរបស់តុលាការដែរឬទេ។
លោក Netanyahu ដែលត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃចន្ទ បានបង្ហោះសាររបស់លោក ត្រាំ ឡើងវិញនៅលើបណ្តាញ X ហើយបានបន្ថែមថា «សូមអរគុណម្តងទៀតប្រធានាធិបតី ដូណាល់ ត្រាំ។ រួមគ្នា យើងនឹងធ្វើឲ្យមជ្ឈិមបូព៌ាអស្ចារ្យម្តងទៀត!»។
គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៩ ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលជាការចោទប្រកាន់ដែលលោកបានបដិសេធ និងហៅថាជា «ការតាមប្រមាញ់មេធ្មប់» ផ្នែកនយោបាយ។ ការសម្រេចរបស់តុលាការនេះ កើតឡើងខណៈដែលការយកចិត្តទុកដាក់លើការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីសប្តាហ៍មុន៕