(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាន​ឱ្យដឹងថាពីឡុតអ៊ុយក្រែនម្នាក់បានស្លាប់ ហើយយន្ដហោះចម្បាំង F-16 មួយគ្រឿងបានធ្លាក់អំឡុងធ្វើប្រតិបត្តិការ វាយទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមយោធាអ៊ុយក្រែន នេះជាការបាត់យន្ដហោះចម្បាំង F-16 គ្រឿងទី៣។ «ពីឡុតបានប្រើប្រាស់អាវុធទាំងអស់នៅលើយន្ដហោះចម្បាំង និងបានបាញ់ទម្លាក់គោលដៅនៅលើ អាកាសចំនួន៧ ហើយខណៈបាញ់ទម្លាក់គោលដៅចុងក្រោយ យន្ដហោះរបស់គាត់ (ពីឡុត) រងការខូចខាត និងបានធ្លាក់»។ នេះជាការគូសបញ្ជាក់របស់ កងកទ័ពអាកាសអ៊ុយក្រែន ក្នុងការបង្ហោះមួយលើ Telegram ដោយបន្ថែមថាពីឡុតបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ប៉ុន្តែពីឡុតរូបនេះមិនមានពេល ដើម្បីលោតចេញពីយន្ដហោះនោះទេ។

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន ពេញមួយយប់ថ្ងៃសៅរ៍ម្សិលមិញ រុស្ស៉ីបានបើកការវាយប្រហារដោយប្រើបាញ់ដ្រូន ៤៧៧គ្រឿង និងមីស៊ីល ៦០គ្រាប់ប្រភេទផ្សេងៗគ្នា លើអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់ដ្រូនបាន ២១១គ្រឿង និងមីស៊ីល ៣៨គ្រាប់៕