(ប៉េកាំង)៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនភីង ដែលនៅខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ។ ដោយមើលឃើញពីសារសំខាន់របស់វា នៅខែតុលា ឆ្នាំ ២០១៤ ប្រទេសអាស៊ីចំនួន ២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។ ភាពអស្ចារ្យរបស់ធនាគារ AIIB ត្រូវបានប្រទេសជាច្រើនមើលឃើញ និង ឈានដល់មាន ចំនួនសមាជិកស្ថាបនិករហូតដល់ ៥៧ ប្រទេស នៅត្រឹមតែខែមេសា ឆ្នាំ២០១៥ ។ ធនាគារនេះ មានការិយាល័យកណ្តាល នៅទីក្រុងប៉េកាំង ដោយសារប្រទេសចិនមានភាគហ៊ុនធំជាងគេ ក្នុងចំណោមដើមទុនដំបូង ១០០ ពាន់លានដុល្លារអាមេរិក។
ធនាគារនេះផ្តោតយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ និង វិស័យផលិតភាព ផ្សេងៗទៀត ក្នុងទ្វីបអាស៊ី រួមមាន វិស័យអគ្គិសនី វិស័យដឹកជញ្ជូននិងទូរគមនាគមន៍ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងកសិកម្ម វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យ វិស័យការពារបរិស្ថាន វិស័យអភិវឌ្ឍន៍ទីក្រុងនិងឡូជីស្ទឹក និង វិស័យដ៏ទៃទៀត។
គោលបំណងរបស់ធនាគារ AIIB គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើតធនធាន និង ធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីបអាស៊ី តាមរយៈការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពដទៃទៀត និង លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈម ផ្នែកការអភិវឌ្ឍ តាមរយៈការធ្វើការងារ ក្នុងកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគីដទៃទៀត។
ធនាគារ AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីបែបថ្មីនៅក្នុងសតវត្សទី ២១ ដែលបានចូលរួមចំណែកជាវិជ្ជមាន ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៃសកលលោក។ ប្រទេសចិនរំពឹងទុកធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រឱ្យធនាគារ AIIB ទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ គិតដល់ដល់ពេលនេះ AIIB បានអនុម័តគម្រោងចំនួន ៣១៩ ជាមួយនឹងទំហំ ហិរញ្ញប្បទានសរុបជាង ៦០ ពាន់លានដុល្លារ និង ចំណាយដើមទុនលើសពី ២០០ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់សមាជិកចំនួន ៣៨ ទាំងនៅក្នុងនិងនៅក្រៅតំបន់អាស៊ី។
ក្នុងស្ថានភាពនៃភាពមិនប្រាកដច្បាស់នៃសេដ្ឋកិច្ចសាកល ការដាក់ទណ្ឌកម្មនានារបស់សហរដ្ឋអាមរិក និង គោលនយោបាយពន្ធគយ របស់អាមេរិក ធនាគារ AIIB នេះបានដើរតួនាទីយ៉ាងសំខាន់ និងមានអត្ថន័យបំផុត ក្នុងការសម្រួលដល់ការតភ្ជាប់ក្នុងតំបន់ និង ការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ធនគារនេះ នៅតែជាប្រភពដ៏រឹងមាំក្នុងការអភិវឌ្ឍ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយដោះស្រាយយ៉ាងមានប្រសិទ្ធភាព និងជំរុញដល់ការអភិឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដែលផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់ប្រជាជន ជាពិសេសនៅតំបន់អាស៊ីនិងតំបន់ខាងត្បូង តាមរយៈការបង្កើតហិរញ្ញវត្ថុ ដែលមានអាចបំពេញចន្លោះខ្វះខាត និងអនុញ្ញាតឱ្យធនាគារទាំងឡាយអាចដាក់ធនធានរួមបញ្ចូលគ្នា ដើម្បីជួយសម្រួលដល់ការចាប់យក នូវគម្រោងធំៗនានា និង ជួយរំលែកនូវហានិភ័យផ្នែកហិរញ្ញវត្ថុផងដែរ។
លើសពីនេះទៀត ធនាគារនេះ ដើរស្របនឹងទស្សនៈរបស់លោក ស៊ី ជិនភីង បានលើកឡើងថា «បើចង់មាន ត្រូវសាងសង់ផ្លូវជាមុនសិន» ដែលបានធ្វើឱ្យធនគារនេះមានគុណសម្បតិ្តចំនួន ៤ ដែលធនគារផ្សេងទៀត ដូចជាធនាគារពិភពលោក និង ធនគារអភិវឌ្ឍន៍អាស៊ី អត់មាន គឺទី១)ការផ្តល់កម្ចីដោយមិនគិតពីរបបនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសអ្នកទទួលកម្ចីទេ ទី២)ការផ្តល់កម្ចីដោយគ្មានលក្ខខណ្ឌនិងមិនបង្កឱ្យរដ្ឋាភិបាលប្រទេសទទួលកម្ចីជួបនូវភាពស្មុគស្មាញក្នុងការទទួលទេ ទី៣)ប្រាក់កម្ចីនឹងត្រូវផ្ទេរមកដល់រដ្ឋាភិបាលផ្ទាល់តែម្តង និង ទី៤) កម្ចីនឹងត្រូវផ្តល់ឱ្យដោយមិនគិតពីនិន្នាការភូមិសាស្រ្តនយោបាយទេ។
សរុបមក កញ្ចប់ឥណទានសម្រាប់ការអនុវត្តគម្រោងនានារបស់ធនគារ AIIB នេះ ដើរស្របគ្នានឹងគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ ព្រមទាំងជំរុញដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្ម និង ការវិនិយោគផងដែរ ដែលកិច្ចការនេះបានធ្វើឱ្យបណ្តាប្រទេសតូច នៅតំបន់អាស៊ីអាចបង្កើនឥទ្ធិពល និងសម្លេងរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយវិបត្តិសាកលផង និង បានរួមចំណែកធ្វើឱ្យប្រទេសទាំងឡាយ ដែលស្ថិតក្នុងក្របខណ្ឌនៃធនគារ AIIB និង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ មានការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួន កាន់តែស្រួចស្រាល់ឡើងផង៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា