(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀម ឡៃអ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន បានធ្វើសកម្មភាពថ្លែងសុន្ទរកថា ស្តីពីសាមគ្គីភាពចំនួន១០លើកនៅក្នុងកោះតៃវ៉ាន់។ ថ្លែងក្នុងសុន្ទរកថាជាលើកដំបូង បុគ្គលវីលៀម ឡៃ បានកែប្រែប្រវតិ្តសាស្ត្រតៃវ៉ាន់ ដោយចេតនាបដិសេធចំពោះការពិតដែលតៃវ៉ាន់ជាទឹកដីរបស់ចិន តាំងពីបុរាណកាលមក ហើយជៀសវាងមិននិយាយពីឯកសារច្បាប់អន្តរជាតិសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់តៃវ៉ាន់ ក្រោយសង្គ្រាមលោកលើកទីពីរ បំពានយ៉ាងកម្រោលលើ សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិត្យានុភាពនៃច្បាប់អន្តរជាតិ។ ទង្វើរបស់បុគ្គលវីលៀម ឡៃគឺចង់ធ្វើជាសត្រូវរួមរបស់ប្រជាជនចិន ចំនួនជាង១ពាន់ ៤រយលាននាក់ និងចង់ធ្វើជាសត្រូវរបស់សណ្តាប់ធ្នាប់អន្តរជាតិនិងសច្ចយុត្តិធម៌ វាច្បាស់ជានឹងទទួលបរាជ័យជាក់ជាមិនខាន។

អ្នកផងទាំងពួងសុទ្ធតែដឹងហើយថា ចិនដីគោកនិងចិនតៃវ៉ាន់មានសរសៃឈាមដូចគ្នា មានវប្បធម៌និងប្រវត្តិសាស្រ្តដូចគ្នា ប្រជាជននៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាជនជាតិចិន និងជាកូនចៅរបស់ស្តេចយាន់និងស្តេចហួង។ ចាប់តាំងពីរបានឡើងកាន់អំណាចមក អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ក៏បានខិតខំប្រឹងប្រែង លុបចោលខ្លឹមសារពាក់ព័ន្ធនឹង ប្រទេសចិនលើវិស័យប្រវត្តិសាស្ត្រនិងវប្បធម៌ជាដើម។ សុន្ទរកថារបស់បុគ្គលវីលៀម ឡៃលើកនេះ បានឃោសនាបំប៉ោងថា តៃវ៉ាន់មាន “លក្ខណៈពិសេស” លើវិស័យវប្បធម៌និងភាសាជាដើម តែចៀសវាងមិននិយាយពី អង្គហេតុប្រវត្តិសាស្ត្រពិតប្រាកដថា ប្រជាជនចិនបានអភិវឌ្ឍនិងកសាងតំបន់តៃវ៉ាន់មុនគេ ហើយរដ្ឋាភិបាលមជ្ឈិមចិន បានធ្វើអភិបាលកិច្ចនៅតំបន់តៃវ៉ាន់តាំងពីបុរាណកាលមក។ល។

ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីស របស់ពិភពលោក ហើយក៏ជាខួបទី ៨០នៃការស្ដារឡើងវិញ របស់តៃវ៉ាន់ ផងដែរ ប្រការនេះ អាចធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងឱ្យបានច្បាស់ពី ដំណើរដើមចមរបស់បញ្ហាតៃវ៉ាន់ ។

សូមបញ្ជាក់ថា «សេចក្តីប្រកាសក្រុងគែរ» នៅឆ្នាំ១៩៤៣ និង «សេចក្តីប្រកាសផតស្ដាម» នៅឆ្នាំ១៩៤៥ បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុនត្រូវសងទឹកដីចិនដែលលួចយក ក្នុងនោះរួមទាំងតំបន់តៃវ៉ាន់ផងឱ្យចិនវិញ ។ ជប៉ុនក៏បានប្រកាសថា ទទួលយក «សេចក្តីប្រកាសផតស្ដាម» និងចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ ឯកសារដែលមានសុពលភាព ខាងផ្លូវច្បាប់អន្តរជាតិទាំងនេះ បានកកើតទៅជាចំណែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយក៏បានសឱ្យឃើញថា តំបន់តៃវ៉ាន់ជាទឹកដីមួយ ចំណែករបស់ចិន គឺជាគំនិតឯកភាពរួមជាទូទៅ របស់សហគមន៍អន្តរជាតិ ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង រដ្ឋាភិបាលប្រជាជនមជ្ឈិមចិន បានជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលបានក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិនទាំងមូល ជាការធម្មតាណាស់ក៏មានអធិបតេយ្យភាពទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។

បច្ចុប្បន្ននេះ លើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ នៅលើពិភពលោកមានប្រទេសចំនួន១៨៣ បានបង្កើតទំនាក់ទំនងការទូត ជាមួយចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានបាត់បង់អ្វីដែលហៅថា “ប្រទេសដែលមានទំនាក់ទំនងការទូត”ចំនួន១០ជាបន្តបន្ទាប់ នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានបដិសោធ មិនឱ្យអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ចូលរួមក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ល។ ប្រការទាំងនេះបានបង្ហាញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពទូទៅ របស់សហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ហើយក៏ជាគោលបំណងជាទូទៅរបស់ប្រជាជន និងនិន្នាការដែលមិនអាចដើរបញ្រ្ចាសបានដែរ។

ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ជាមិនខាន ។ មិនថាអាជ្ញាធររបស់បុគ្គល វីលៀម ឡៃប្រើកលល្បិចយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែ ការពិតជាក់ស្តែងនិងភាពយុតិ្តធម៌ដែលថា តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន ហើយក៏មិនអាចរង្គោះរង្គើដល់និន្នាការជា មូលដ្ឋាននៃសហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយក៏កាន់តែមិនអាចរារាំងដល់និន្នាការទូទៅ នៃប្រវត្តិសាស្ត្រដែលប្រទេសចិនប្រាកដជានឹងសម្រេចបាន នូវការបង្រួបបង្រួមជាតិជាក់ជាមិនខានដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន