(តេហេរ៉ង់)៖ ពិធីបុណ្យសពថ្នាក់ជាតិផ្លូវការ ត្រូវបានរៀបចំឡើងនាថ្ងៃសៅរ៍នេះ នៅឯរដ្ឋធានីតេហេរ៉ង់ សម្រាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរកំពូលៗ ព្រមទាំងជនស៉ីវិលមួយចំនួន ដែលត្រូវបានសម្លាប់អំឡុងសង្រ្គាមក្នុងខែមិថុនានេះជាមួយ​អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ពអាកាសរបស់ឆ្មាំបដិវត្តន៍ លោក Amir Ali Hajizadeh។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បុណ្យសពនេះប្រារព្ធឡើង សម្រាប់មនុស្សសរុប៦០នាក់ ដែលស្លាប់ ក្នុងសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៉ីស្រាអែល ក្នុងនោះមានទាំងស្រ្តី៤នាក់ និងកុមារ៤នាក់ ផងដែរ។

ចំណែក អ្នកដែលចូលរួមពិធីបុណ្យខាងលើ គឺប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និងមន្រ្តីជាន់ខ្ពស់ដទៃទៀត រួមមានទាំងលោក Ali Shamkhani ដែលបានរងរបួសធ្ងន់អំឡុងជម្លោះ និងជាទីប្រឹក្សាជំនិតរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ លោក Bagheri, Salami និង Hajizadeh ត្រូវបានសម្លាប់ កាលពីថ្ងៃទី១៣ ខែមិថុនា ជាថ្ងៃដំបូងដែលសង្រ្គាមផ្ទុះឡើង។​ អ៉ីស្រាអែល បានអះអាងថា តាមពិតបើមានឱកាស កុំអីពួកគេក៏មុខជាបានសម្លាប់លោក Ali Khamenei តែម្តងថែមទៀតផង។

អ៉ីស្រាអែល ដែលជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ត្រូវគេជឿយ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានអះអាងថា ខ្លួនសម្រេចចិត្តធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ក្នុងគោលដៅរារាំងកុំឱ្យអ៉ីរ៉ង់អភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ។ កាលពីថ្ងៃសុក្រ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានផ្តាច់ជីវិតមន្រ្តីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់សរុបជាង៣០នាក់ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរជាន់ខ្ពស់១១នាក់ កាលពីអំឡុងសង្រ្គាម។

គួរបញ្ជាក់ថា យោងតាមតួលេខពីអាជ្ញាធរអ៉ីរ៉ង់ មនុស្ស៦១០នាក់ ត្រូវបានសម្លាប់នៅខាងប្រទេសអ៉ីរ៉ង់ អំឡុងសង្រ្គាមជាមួយអ៉ីស្រាអែល ក្នុងនោះមានកុមារ១៣នាក់ និងស្រ្តី៤៩នាក់ មុនពេលបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយមនុស្សជាង៤៧០០នាក់ផ្សេងទៀតបានរងរបួស។ ដោយឡែក បើតាមអាជ្ញាធរអ៉ីស្រាអែល មនុស្ស២៨នាក់ត្រូវបានសម្លាប់ នៅខាងប្រទេសអ៉ីស្រាអែល និង៣២៣៨នាក់ផ្សេងទៀត បានរងរបួស៕