(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ចបន្ទាន់មួយ ទៅកាន់តំបន់ភាគខាងជើងប្រទេសថៃ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាថៃបានឱ្យដឹងថា លំនៅដ្ឋានច្រើនជាង ៣ ៧០០ខ្នង ត្រូវបានជន់លិចនៅពាសពេញស្រុកចំនួន៥ នៃខេត្ត Chiang Rai រួមជាមួយផ្ទៃដីកសិកម្មប្រមាណ៨០នាក់ បានរងការបំផ្លិចបំផ្លាញ ហើយផ្លូវនៅតំបន់ចំនួន៣ ពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថា នឹងនៅតែបន្តប៉ុន្មានថ្ងៃទៀត។ ប្រជាជនថៃជាង៤ ៤០០គ្រួសារ ត្រូវរាយការណ៍ថា បានរងផលប៉ះពាល់។
លោកស្រី Paetongtarn បានបំពេញទស្សនកិច្ចចុះទៅពិនិត្យមើលការខូចខាតដោយផ្ទាល់ នៅឯតំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុក Phaya Mengrai ចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសឡាវ។ លោកស្រីបានធ្វើទស្សនកិច្ចនេះ ស្របពេលដែលលោកស្រី កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង នៅឯរាជធានីបាងកក ជាទីដែលបាតុករយ៉ាងហោច១០០០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា នាថ្ងៃសៅរ៍នេះ ដើម្បីទាមទារឱ្យលោកស្រីចុះចេញពីតំណែង ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយកម្ពុជា។
គួរបញ្ជាក់ថា ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយថៃ កំពុងបន្តឃ្លាំមើលកម្រិតទឹក ហើយបានទទូចឱ្យសហគមន៍ ផ្លាស់ទីទៅកន្លែងទួលខ្ពស់ៗ ក្នុងករណីមានគ្រោះទឹកជំនន់ភ្លាមៗ។ ខណៈប្រទេសថៃ តែងទទួលរងការធ្លាក់ភ្លៀងខ្លាំង នៅអំឡុងត្រីមាសទី៣ប្រចាំឆ្នាំ កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងជំរុញឱ្យមានលំនាំបាតុភូតអាកាសធាតុកាន់តែអាក្រក់ៗ ដែលធ្វើឱ្យគ្រោះទឹកជំនន់ក្នុងកម្រិតធ្ងន់ធ្ងរ ងាយកើតឡើងញឹកញាប់។ កាលពីឆ្នាំ២០២៤ មនុស្សយ៉ាងហោចជាង៤០នាក់ បានស្លាប់នៅប្រទេសថៃ ដោយសារឧប្បត្តិហេតុពាក់ព័ន្ធទឹកជំនន់ និងជំរុញដោយឥទ្ធិពលនៃព្យុះទីហ្វុង Yagi៕