(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា ដោយលោកនិយាយថា អ៉ីស្រាអែលនិងហាម៉ាស ប្រហែលអាចសម្រេចបានកិច្ចព្រមព្រៀងមួយ នៅអំឡុងសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថា «យើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ»។ សហរដ្ឋអាមេរិក បានជួយសម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយការគាំទ្រពីក្រុមការងារនៃរដ្ឋបាល របស់លោក ត្រាំ ដែលត្រូវឡើងកាន់អំណាចបន្ត។ យ៉ាងណាមិញ ក្រោយមក អ៉ីស្រាអែលបានប្រកាសបញ្ចប់បទឈប់បាញ់នោះវិញ កាលពីខែមីនា រួចចាប់ផ្តើមប្រតិបត្តិការវាយលុកថ្មី ប្រឆាំងនឹងក្រុមហាម៉ាស៕

គួរបញ្ជាក់ថា បើតាមតួលេខពីអាជ្ញាធរអ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយហាម៉ាស បានសម្លាប់មនុស្សខ្ទង់ ១២០០នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀត យកទៅធ្វើជាចំណាប់ខ្មាំង នៅពេលដែលពួកគេវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ រីឯបើតាមអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែល គិតមកទល់ពេលនេះ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបច្រើនជាង ៥៦ ០០០នាក់ ហើយតំបន់ហ្កាហ្សាទាំងមូល ត្រូវបានបំផ្លិចបំផ្លាញមួយភាគធំ៕