(មូស្គូ)៖ វិមានក្រឹមឡាំង បានព្រមានយ៉ាងច្បាស់លាស់នៅថ្ងៃសុក្រថា ការដែលប្រទេសអេស្តូនី បានបង្ហាញការត្រៀមខ្លួនក្នុងការទទួលយន្តហោះចម្បាំង F-35A ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ គឺជា «ការគំរាមកំហែងដោយផ្ទាល់» ដល់សន្តិសុខរបស់រុស្ស៊ី។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេស្តូនីដែលជាសមាជិកណាតូ និងមានព្រំដែនជាប់រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយន្តហោះមានសមត្ថភាពនុយក្លេអ៊ែរប្រសិនបើចាំបាច់។ ការអត្ថាធិប្បាយរបស់លោក Pevkur នេះ គឺជាការឆ្លើយតបនឹងការលើកឡើងរបស់ចក្រភពអង់គ្លេស ដែលថា ខ្លួននឹងទិញយន្តហោះ F-35A យ៉ាងតិច ១២គ្រឿង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ហើយថាយន្តហោះទាំងនោះនឹងចូលរួមក្នុងបេសកកម្មនុយក្លេអ៊ែរដែនអាកាសណាតូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅសេចក្តីថ្លែងការណ៍របស់អេស្តូនីថា ជាការគំរាមកំហែងយ៉ាងច្បាស់លាស់ចំពោះរុស្ស៊ី។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ វានឹងក្លាយជាគ្រោះថ្នាក់ភ្លាមៗ»។
គួរបញ្ជាក់ថា ការវាយបកគ្នាដោយពាក្យសម្តីនេះ បានគូសបញ្ជាក់ពីភាពតានតឹងដ៏ខ្លាំងនៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់អង្គការណាតូ និងបង្ហាញពីការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះការដាក់ពង្រាយអាវុធយុទ្ធសាស្ត្ររបស់សម្ព័ន្ធមិត្តនៅក្បែរទឹកដីរបស់ខ្លួន៕