(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែល មុខជាបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាត់ទៅហើយ ប្រសិនបើវាអាចទៅរួច កាលពីអំឡុង​សង្រ្គាមរយៈពេល១២ថ្ងៃ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រមុខការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយដូច្នេះថា «ខ្ញុំប៉ាន់ប្រមាណថា ប្រសិនបើលោក Khamenei បានស្ថិតក្រោមការមើលឃើញរបស់យើងវិញនោះ ពួកយើងច្បាស់ជាបានសម្លាប់គាត់ចោលបាត់ទៅហើយ។ ប៉ុន្តែ លោក Khamenei យល់ច្បាស់ចំណុចនេះ ដូច្នេះហើយក៏បានរត់ទៅសំងំពួនក្រោមដីក្នុងជម្រៅយ៉ាងជ្រៅ ព្រមទាំងផ្តាច់ការទាក់ទង​ជាមួយមេបញ្ជាការយោធាទាំងឡាយ ដែលឡើងជំនួសមេបញ្ជាការមុនៗដែលត្រូវបានសម្លាប់។ ហេតុនេះហើយ នៅចុងក្រោយ វាមិនអាចទៅរួច»

គួរបញ្ជាក់ថា អ៉ីស្រាអែលបានសម្លាប់មេបញ្ជាកាយោធាកំពូលៗ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើមៗរបស់អ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលសង្រ្គាមចាប់ផ្តើមឡើងដំបូង។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត កាលពីអំឡុងសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ថា អាយុជីវិតរបស់លោក Khamenei អាចស្ថិតក្រោមគ្រោះថ្នាក់ ដ្បិតការផ្លាស់ប្តូររបបអាចជាលទ្ធផលនៃសង្រ្គាម។ សង្រ្គាមរវាងប្រទេសទាំងពីរ បានបញ្ចប់ទៅវិញកាលពីថ្ងៃអង្គារសប្តាហ៍នេះ តាមរយៈបទឈប់បាញ់ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិក៕