(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា បានបដិសេធចំពោះសេចក្ដីរាយការណ៍ដែលថាទីក្រុងតេហេរ៉ង់មានផែនការបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម១២ថ្ងៃជាមួយអ៉ីស្រាអែល ជាមួយការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានបំផ្លើសពីទំហំខូចខាតលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ដោយសារការទម្លាក់គ្រាប់បែករបស់ អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិកម្មរបស់អ៉ីរ៉ង់ កើតមានឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចានុយក្លេអ៊ែរជាមួយអ៉ីរ៉ង់នៅសប្ដាហ៍ក្រោយ ហើយបេសកជនពិសេស របស់លោកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានបង្ហាញក្ដីសង្ឃឹមថាអាចនឹងកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានអះអាងថាអ៉ីរ៉ង់មិនមានផែនការរៀបចំកិច្ចចរចាឡើងវិញជាមួយវ៉ាស៊ីនតោនទេ។ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថាគ្មានឡើយកិច្ចព្រមព្រៀង ការរៀបចំ ឬកិច្ចសន្ទនាត្រូវបានធ្វើឡើងដើម្បី ចាប់ផ្ដើមកិច្ចចរចាជាថ្មី។ មិនទាន់មានផែនការសម្រាប់ចាប់ផ្ដើមកិច្ចចរចាឡើងវិញឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក Araghchi នៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់។

គួរបញ្ជាក់ថា ការបដិសេធរបស់លោក Araghchi កើតមានឡើងក្រោយសភាអ៉ីរ៉ង់បានអនុម័តសេចក្ដីព្រាងច្បាប់មួយដោយព្យួរកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA និងបន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិកថាបាននិយាយបំផ្លើសពីទំហំខូចខាតនៃទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ អំឡុងថ្លែងសុន្ទរកថា នាឱកាសបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់មក។

នៅឯទីក្រុងវ៉ាស៊ីនតោន ទំហំខូចខាតនៃទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កំពុងក្លាយជាប្រធានបទជជែកដេញដោលដ៏ក្ដៅគគុក ស្របពេលលោក ត្រាំ នៅតែទទូចថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេច ទាំងស្រុង បើទោះជាការវាយតម្លៃពីចារកម្មអាមេរិកឱ្យដឹងថាការវាយប្រហារទម្លាក់គ្រាប់បែក GBU-57 ចេញពីយន្ដហោះទម្លាកគ្រាប់បែក B-2 លើទីតាំងនុយក្លេអ៊ែរបានត្រឹមតែបង្អាក់ការរីកចម្រើន នៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានប៉ុន្មានខែប៉ុណ្ណោះ ពោលមិនមែនត្រូវបានកម្ទេចទាំងស្រុងដូចលោក ត្រាំ អះអាងនោះទេ៕​