(តេអេរ៉ង់)៖ ប្រសិនបើមានការវាយប្រហារណាមួយ ពីសហរដ្ឋអាមេរិកនាពេលអនាគត អ៊ីរ៉ង់នឹងឆ្លើយតបដោយការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។ នេះបើតាមការព្រមានរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃព្រហស្បតិ៍ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីបទឈប់បាញ់មួយត្រូវបានសម្រេចរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
លោក Khamenei អាយុ ៨៦ វស្សា បានព្រមានថា ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នឹងត្រូវចំណាយ «តម្លៃយ៉ាងសម្បើម» ហើយបានកត់សម្គាល់ថា អ៊ីរ៉ង់បានបាញ់ប្រហារលើមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតមួយក្នុងតំបន់ ដែលមានទីតាំងនៅប្រទេសកាតា បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានចូលរួម ក្នុងការវាយប្រហារជាមួយអ៊ីស្រាអែល។
លោកបានថ្លែងថា «សាធារណរដ្ឋឥស្លាមបានទះកំផ្លៀងអាមេរិក។ វាបានវាយប្រហារមូលដ្ឋានទ័ពដ៏សំខាន់មួយរបស់អាមេរិកនៅក្នុងតំបន់»។ លោកបានបន្ថែមថា «ការដែលសាធារណរដ្ឋឥស្លាមមានលទ្ធភាពទៅដល់មជ្ឈមណ្ឌលសំខាន់ៗរបស់អាមេរិកក្នុងតំបន់... មិនមែនជារឿងតូចតាចនោះទេ វាជារឿងដ៏ធំ ហើយរឿងនេះអាចកើតឡើងម្តងទៀតនាពេលអនាគត ប្រសិនបើមានការវាយប្រហារ»។
សុន្ទរកថាដែលបានថតទុកជាមុនរបស់លោក ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។ ដូចសុន្ទរកថាលើកមុនដែរ លោកបានថ្លែងចេញពីទីតាំងក្នុងផ្ទះមួយដែលមិនត្រូវបានគេស្គាល់។
ការព្រមានរបស់លោក Khamenei ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយថា «ពិតប្រាកដណាស់» នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីចម្រាញ់នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
គួរបញ្ជាក់ថា បទឈប់បាញ់ដ៏ផុយស្រួយមួយបានចូលជាធរមានកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីជម្លោះដោយផ្ទាល់រវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់អស់រយៈពេលជិតពីរសប្តាហ៍ ដែលបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាឈានទៅជិតមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំ៕