(ហ្កាហ្សា)៖ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា បានឱ្យដឹងថា ការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច២១នាក់ទៀត នៅតំបន់ហ្កាហ្សាស្រ្ទីប នាថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកសម្រុះសម្រួលជម្លោះ បានទាក់ទងទៅកាន់អ៉ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីព្យាយាមជំរុញការបន្តកិច្ចពិភាក្សាបទឈប់បាញ់ ក្នុងគោលដៅស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៩នាក់ នៅសាលារៀនមួយដែលបម្រើជា កន្លែងជ្រកកោនបណ្តោះអាសន្ន សម្រាប់គ្រួសាររត់ភៀសខ្លួន នៅជាយទីក្រុងហ្កាហ្សាស៉ីធី ខណៈការវាយប្រហារមួយផ្សេងទៀត បានសម្លាប់មនុស្ស៩នាក់ នៅក្បែរជំរំស្នាក់នៅបណ្តោះអាសន្ន ក្នុងទីក្រុង ​Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា។ ចំណែក មនុស្ស៣នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរក្នុងការបាញ់ប្រហាររបស់អ៉ីស្រាអែល និងរាប់សិបនាក់បានរងរបួស ខណៈមនុស្សម្នាជាច្រើន នាំគ្នារង់ចាំរថយន្តផ្តល់ជំនួយរបស់ UN នៅភាគកណ្តាលហ្កាហ្សា។

តួលេខអ្នកស្លាប់ថ្មីៗនេះ គឺស្របពេលដែលអេហ្ស៉ីបនិងកាតា គាំទ្រដោយសហរដ្ឋអាមេរិក បានទាក់ទងទៅកាន់អ៉ីស្រាអែល និងហាម៉ាស ដើម្បីព្យាយាមជំរុញឱ្យមាន កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ សម្រាប់ការចរចានោះ នៅមិនទាន់អាចកំណត់បាននៅឡើយ។

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាន់ជំហរថា ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សារយៈពេលជិត២ទសវត្សរ៍ ចាំបាច់ត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់ បោះបង់ចោលតួនាទីនានា ហើយទម្លាក់អាវុធចុះ ដើម្បីបញ្ចប់សង្រ្គាម។ ដោយឡែក ខាងហាម៉ាសវិញ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ប្រសិនអ៉ីស្រាអែលយល់ព្រម ចំពោះបទឈប់បាញ់អចិន្រ្តៃយ៍មួយ ហើយដកថយចេញពីហ្កាហ្សា។ ស្របពេលហាម៉ាស បានបង្ហាញជំហរថា ខ្លួននឹងលែងបន្ត​គ្រប់គ្រងហ្កាហ្សាតទៅទៀតនោះ ក្រុមប៉ាឡេស្ទីននេះ បានបដិសេធនិយាយរឿងរំសាយអាវុធ។

គួរបញ្ជាក់ថា បើតាមតួលេខពីអាជ្ញាធរអ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយហាម៉ាស បានសម្លាប់មនុស្សខ្ទង់ ១២០០នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀតយកទៅធ្វើជាចំណាប់ខ្មាំង នៅពេលដែលពួកគេវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ រីឯបើតាមអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែល គិតមកទល់ពេលនេះ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបច្រើនជាង ៥៦ ០០០នាក់ ហើយតំបន់ហ្កាហ្សាទាំងមូល ត្រូវបានបំផ្លិចបំផ្លាញមួយភាគធំ៕