(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអ៉ីស្រាអែលលើកលែងទោសឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ឬក៏លុបចោលសវនាការរបស់ លោកជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃពុធ ទី២៥ ខែមិថុនា។ លោក ត្រាំ បានសរសេរដូច្នេះថា «សវនាការ របស់លោក Netanyahu គួរតែត្រូវបានលុបចោលជាបន្ទាន់ ឬក៏មានការលើកលែងទោសដល់វីរបុរសដ៏អស្ចារ្យម្នាក់នេះដែលបានជួយដល់ប្រទេសជាតិ (អ៉ីស្រាអែល) យ៉ាងច្រើន»។ លោក ត្រាំ បន្ថែមថាលោកទទួលបានព័ត៌មានថាលោក Netanyahu នឹងត្រូវបង្ហាញខ្លួនក្នុងសវនាការនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយថាសហរដ្ឋអាមេរិកនឹងជួយសង្រ្គោះលោក Netanyahu។ ប៉ុន្តែ គេមិនទាន់ច្បាស់ថាតើលោក ត្រាំ ចង់មានន័យថាសហរដ្ឋអាមេរិកអាចនឹងជួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះនៅក្នុងការតតាំងតាមផ្លូវច្បាប់របស់លោក Netanyahu ឬក៏យ៉ាងណា នោះទេ។
គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ពីបទទទួលសំណូក គៃបន្លំ និងរំលោភបំពានទំនុកចិត្ត។ តែលោកបានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថារូបលោកជាមនុស្សស្អាតស្អំ។ សវនាការបានចាប់ផ្ដើមធ្វើឡើងក្នុងឆ្នាំ២០២០ និងមានជាប់ពាក់ព័ន្ធលើសំណុំរឿងពុករលួយចំនួន៣ករណី៕