(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានធ្វើការប្រៀបធៀបជាប្រវត្តិសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានប្រដូចប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានបញ្ចប់សង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អាមេរិកគឺជាការកំណត់លទ្ធផលចុងក្រោយ។ លោកបានមានប្រសាសន៍ថា «ខ្ញុំមិនចង់ប្រើឧទាហរណ៍ហ៊ីរ៉ូស៊ីម៉ា ឬណាហ្គាសាគីទេ ប៉ុន្តែវាជាមូលដ្ឋានរឿងដូចគ្នា ដែលបានបញ្ចប់សង្គ្រាមនោះ»

លោក ត្រាំ បានធ្វើការប្រៀបធៀបដ៏ធ្ងន់ធ្ងរនេះ ទោះបីជាមានរបាយការណ៍ចារកម្មពីមន្ទីរបញ្ចកោណដែលថា ការខូចខាតគឺមានកម្រិតក៏ដោយ។ លោកបានច្រានចោលរបាយការណ៍នោះ ដោយចាត់ទុកថា «មិនទាន់មានការសន្និដ្ឋានច្បាស់លាស់» ហើយបានវាយតម្លៃផ្ទាល់ខ្លួនរបស់លោកថា ការខូចខាតគឺ «ធ្ងន់ធ្ងរណាស់» និងជា «ការបំផ្លិចបំផ្លាញទាំងស្រុង»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើក្រុមមន្ត្រីចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកម្ទេចម៉ាស៊ីន ចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ឬស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ទាំងស្រុងនោះទេ។ ពោលបើតាមចារកម្មអាមេរិក ការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិកបានបង្អាក់ ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែ និងគ្រាន់តែបានបិទផ្លូវចូលទៅកាន់រោងចក្រនុយក្លេអ៊ែរមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានបំផ្លាញអគារដែលអ៉ីរ៉ង់សង់ នៅក្រោមដីឡើយ៕