(តេហេរ៉ង់)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ៉ីរ៉ង់នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិផ្លូវការសម្រាប់ មេបញ្ជាយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តឆ្នើមៗ ដែលត្រូវបានសម្លាប់អំឡុងសង្រ្គាមរយៈពេល១២ថ្ងៃ ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ពិធីបុណ្យសពខាងលើនឹងប្រារព្ធឡើង នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ក្នុងរដ្ឋធានីតេហេរ៉ង់។ IRNA ក៏បានរាយការណ៍ដែរថា សពលោក Hossein Salami មេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលត្រូវបានអ៉ីស្រាអែលសម្លាប់អំឡុងថ្ងៃដំបូងនៃសង្រ្គាម នឹងត្រូវបញ្ចុះនៅតំបន់ភាគកណ្តាលប្រទេសអ៉ីរ៉ង់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ លើទីតាំងយោធាក៏ដូចជាទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយបានផ្តាច់ជីវិតមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តកំពូលៗជាច្រើនរូប រួមមានទាំងលោក Salami ដែលជាមនុស្សដ៏ជំនិតម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។
មុនពេលសម្រេចបានបទឈប់បាញ់កាលពីថ្ងៃអង្គារ បើយោងតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ ជនស៉ីវិលយ៉ាងហោច៦១០នាក់ ត្រូវបានសម្លាប់ និងជាង៤៧០០នាក់បានរងរបួស ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល រីឯបើតាមអាជ្ញាធរអ៉ីស្រាអែលវិញ ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៨នាក់៕