(ឡុងដ៍)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងទិញយន្តហោះចម្បាំង F-35A ជាង១០គ្រឿង ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការទិញយន្តហោះចម្បាំងខាងលើ ពីក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់អង់គ្លេស មានបំពាក់អាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីចុងបញ្ចប់នៃសម័យសង្រ្គាមត្រជាក់មក។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយយ៉ាងដូច្នេះថា «នៅក្នុងយុគសម័យមួយ ដែលមានភាពស្រពេចស្រពិលខ្លាំងបំផុត យើងមិនអាចមើលស្រាលសន្តិភាពបានទៀតឡើយ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់ខ្ញុំ កំពុងខិតខំវិនិយោគលើសន្តិសុខជាតិរបស់យើង»។
សព្វថ្ងៃ យុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស គឺពឹងផ្អែកតែមួយគត់ទៅលើប្រព័ន្ធ Trident ដែលបាញ់ចេញពីនាវាមុជទឹក។ លើកចុងក្រោយដែលអង់គ្លេស មានអាវុធនុយក្លេអ៊ែរប្រើប្រាស់ដោយយន្តហោះ គឺកាលពីឆ្នាំ១៩៩៨ នៅពេលគ្រាប់បែក WE177 ត្រូវបានដាក់ឱ្យចូលនិវត្តន៍។
គួរបញ្ជាក់ថា តាមរយៈការទិញយន្តហោះចម្បាំង F-35A ចក្រភពអង់គ្លេស នឹងអាចធ្វើពិពិធកម្មជម្រើសយោធារបស់ខ្លួន ហើយដើរកាន់តែស្របជាមួយសម្ព័ន្ធមិត្ត NATO ដូចជាបារាំង និងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំង F-35A អាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក B61 របស់អាមេរិកបាន។ រដ្ឋាភិបាលអង់គ្លេស បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់ ៥ភាគរយនៃ GDP របស់ខ្លួន នៅត្រឹមឆ្នាំ២០៣៥ ដើម្បីបំពេញតាមគោលដៅរបស់ NATO៕