(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា បានប្រកាសពីជ័យជម្នះជាប្រវត្តិសាស្ត្រលើអ៉ីរ៉ង់ បើទោះជារបាយការណ៍មួយ របស់ចារកម្មអាមេរិកបានសន្និដ្ឋានថាការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិក បានបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៉ីរ៉ង់ និងអ៉ីស្រាអែល បានឯកភាពលើបទឈប់បាញ់កាលពីថ្ងៃអង្គារ ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសនេះដោយបញ្ជាឱ្យ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៉ីរ៉ង់។ នៅក្នុងសុន្ទរកថាមួយ លោក Netanyahu បាននិយាយថាអ៉ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ នោះទេ។ «យើងបានរារាំងគម្រោងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ហើយប្រសិនបើនរណាម្នាក់នៅក្នុងប្រទេសអ៉ីរ៉ង់ ព្យាយាមកសាងវាឡើង នោះយើងនឹងធ្វើសកម្មភាពជាមួយការប្ដេជ្ញាចិត្ត និងការវាយប្រហារដ៏ខ្លាំងក្លាដើម្បីរារាំងការប៉ុនប៉ងនេះ»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu។
ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើក្រុមមន្ត្រីអាមេរិកចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនបានកម្ទេចម៉ាស៊ីន ចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ឬស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ទាំងស្រុងនោះទេ។ ពោលបើតាមចារកម្មអាមេរិក ការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិក បានបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែ និងគ្រាន់តែបានបិទផ្លូវចូលទៅកាន់រោងចក្រនុយក្លេអ៊ែរមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានបំផ្លាញអគារដែលអ៉ីរ៉ង់សង់ នៅក្រោមដីឡើយ៕